កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីតាលី លោក Luigi Di Maio បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅក្នុងទំព័របណ្តាញហ្វេសប៊ុករបស់លោកថា ប្រទេសអ៊ីតាលី បានបណ្តេញបុគ្គលិកស្ថានទូតរុស្ស៊ីចំនួន ២នាក់ជាបន្ទាន់ ដោយសង្ស័យថាមានសកម្មភាពខុសច្បាប់។
រដ្ឋមន្រ្តីការបរទេសរូបនោះបាននិយាយថា «ឯកអគ្គរដ្ឋទូតរុស្ស៊ីដែលត្រូវបានកោះហៅទៅរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបានការតវ៉ាពីរដ្ឋាភិបាលអ៊ីតាលី។ លោកក៏ត្រូវបានគេជូនដំណឹងអំពីការបណ្តេញបុគ្គលិកពីរនាក់ជាបន្ទាន់នៅក្នុងស្ថានទូតដែលពាក់ព័ន្ធនឹងបញ្ហាធ្ងន់ធ្ងរ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះសេវាកម្មស៊ើបការណ៍សម្ងាត់ និងទីភ្នាក់ងាររដ្ឋរបស់យើងដែលធ្វើការដើម្បីផលប្រយោជន៍សន្តិសុខរបស់ប្រទេសយើង»។
នៅពេលមុននេះ ក្រសួងការបរទេសអ៊ីតាលីបានប្រកាសថា លោក Sergei Razov ឯកអគ្គរដ្ឋទូតរុស្ស៊ីត្រូវបានកោះហៅបន្ទាប់ពីមេបញ្ជាការកងទ័ពជើងទឹកអ៊ីតាលី និងមន្រ្តីរុស្ស៊ីម្នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលផ្លាស់ប្តូរឯកសារសម្ងាត់។ ស្ថានទូតរុស្ស៊ីបានបញ្ជាក់ថា បុគ្គលិកការិយាល័យយោធាម្នាក់ត្រូវបានចាប់ខ្លួន។
អាជ្ញាធរអ៊ីតាលីមិនបង្ហាញឈ្មោះ ឬមុខតំណែងរបស់អ្នកការទូតដែលត្រូវបានបណ្តេញចេញនោះទេ៕
ប្រភព៖ ក្រសួងព័ត៌មាន