កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា អង្គការសុខភាពពិភពលោក (WHO) ចាំបាច់ត្រូវដោះស្រាយអំពីលទ្ធភាពដែលអាចកើតមានបាននូវការធ្លាយចេញមេរោគកូរ៉ូណាវីរុសពីមន្ទីរពិសោធន៍យោធាសហរដ្ឋអាមេរិក ឬកន្លែងផ្សេងទៀតនៅឯបរទេស។

លោកស្រី​បាន​និយាយ​ថា «ចំពោះលទ្ធភាពដែលវីរុសអាចលេចធ្លាយចេញបន្ទាប់ពីឧប្បត្តិហេតុនៅមន្ទីរពិសោធន៍ សមាជិកនៃក្រុមអ្នកជំនាញបាននិយាយថា ពួកគេនឹងចុះពិនិត្យមើលមន្ទីរពិសោធន៍នៅទូទាំងពិភពលោក ប្រសិនបើមានតម្រូវការកើតឡើង ដូចដែលអ្នកដឹងស្រាប់ហើយថាមន្ទីរពិសោធន៍នៅទីក្រុងវូហានបានចុះត្រួតពិនិត្យរួចហើយ។ ប៉ុន្តែនៅពេលណាដែល Fort Detrick នឹងបើកទ្វារឱ្យក្រុមអ្នកជំនាញ?។ អ្នកការទូតចិនរូបនេះបាននិយាយបន្ថែមថា «ខ្ញុំចង់ដឹងថាហេតុអ្វីបានជាមិនមានរបាយការណ៍អំពីមន្ទីរពិសោធន៍ Fort Detrick នៅក្នុងប្រព័ន្ធផ្សព្វផ្សាយបរទេស។ ព័ត៌មានអំពីវាបានកើតឡើងនៅខែមិថុនា ឆ្នាំ ២០១៩ ប៉ុន្តែគ្មានអ្វីដែលត្រូវបានគេឮអំពីវាតាំងពីពេលនោះមក… ហេតុអ្វីបានជាអ្នកនៅស្ងៀម?»។

យោងតាមលោកស្រី Hua Chunying បានឱ្យដឹងថា អាជ្ញាធរចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពពិភពលោកដើម្បីកំណត់អំពីប្រភពដើមនៃវីរុសនេះ។ អ្នកការទូតរូបនេះបាននិយាយបន្ថែមថា «វាមិនមែនជាការស៊ើបអង្កេតទេ ប៉ុន្តែវាជាការស្រាវជ្រាវវិទ្យាសាស្ត្រ។ វាមិនគួរត្រូវបានកម្រិតចំពោះតំបន់មួយចំនួននៃពិភពលោកនោះទេ»។

វិទ្យាស្ថានស្រាវជ្រាវកងទ័ពសហរដ្ឋអាមេរិក Walter Reed ដែលមានទីតាំងនៅឯ Fort Detrick រដ្ឋ Maryland គឺត្រូវបានគ្រប់គ្រងដោយក្រសួងការពារជាតិសហរដ្ឋអាមេរិក និងការស្រាវជ្រាវជីវគីមីជាពិសេសទាក់ទងនឹងជំងឺឆ្លង៕

ប្រភព៖ ក្រសួងព័ត៌មាន