កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងអំឡុងពេលនៃសម័យប្រជុំពិសេសនៃសន្និសីទក្លឹប Valdai មជ្ឈឹមបូព៌ាថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងប្រើប្រាស់វិធីនៃការប្រកួតប្រជែងដោយអយុត្តិធម៌ ដោយដាក់ចេញនូវការរឹតត្បិតប្រឆាំងនឹងរុស្ស៊ី និងចិន ទៅលើទីផ្សារសកលលោក ដែលវាជាការផ្ទុយនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
លោករដ្ឋមន្រ្តីរូបនេះបាននិយាយថា «យើងគាំទ្រការប្រកួតប្រជែងដោយយុត្តិធម៌។ នៅក្នុងស្ថានភាពបែបនេះ វិធីសាស្រ្តអយុត្តិធម៌កំពុងត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងនឹងចិន និងរុស្ស៊ី។ ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលធ្វើការរឹតត្បិតដល់កម្រិតកំពូលដែលធ្វើឱ្យអន្តរាយដល់មុខតំណែងរបស់គូប្រកួតប្រជែងរបស់ពួកគេ និងដាក់ការរឹតត្បិតសិប្បនិម្មិតនៅលើទីផ្សារសកលលោក ដែលផ្ទុយទៅនឹងបទដ្ឋានអង្គការពាណិជ្ជកម្មពិភពលោកដែលទម្រង់ទាំងអស់នេះជាផ្នែកមួយនៃវិធីសាស្ត្រទាំងនោះ»។
ដោយអត្ថាធិប្បាយអំពីសកម្មភាពគោលនយោបាយការបរទេសរបស់ចិននៅមជ្ឈឹមបូព៌ា លោក Lavrov បានកត់សម្គាល់ថា ទីក្រុងប៉េកាំងមានសិទ្ធិដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់ ដូចជាប្រទេសរុស្ស៊ីកំពុងធ្វើដែរ។
អ្នកការទូតកំពូលរបស់ប្រទេសរុស្ស៊ីរូបនេះបាននិយាយថា «ប្រទេសចិន គឺជាមហាអំណាចពិភពលោកដែលមានផលប្រយោជន៍នៅក្នុងតំបន់ទាំងអស់នៃពិភពលោក និងលើកកម្ពស់គម្រោងសេដ្ឋកិច្ចរបស់ខ្លួន និងគំនិតនៃជោគវាសនារួមរបស់មនុស្សជាតិ»៕
ប្រភព៖ ក្រសួងព័ត៌មាន