កាលពីថ្ងៃពុធ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូងបានសន្យាផ្តល់ជំនួយមនុស្សធម៌ចំនួន ១៨លានដុល្លារអាម៉េរិកសម្រាប់ជនភៀសខ្លួនស៊ីរីនៅក្នុងឆ្នាំនេះ ចំពេលដែលមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារជំងឺរាតត្បាតកូវីដ-១៩ ។

លោក Ham Sang-wook អនុរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការពហុភាគី និងពិភពលោក បានបង្ហាញផែនការនេះនៅឯសន្និសីទទីក្រុងប្រ៊ុចសែលកាលពីថ្ងៃអង្គារ ស្តីពីការគាំទ្រអនាគតរបស់ប្រទេសស៊ីរី និងតំបន់ដែលជាវេទិកាអន្តរជាតិ ដែលដឹកនាំដោយអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប។        \

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «ខណៈដែលវិបត្តិមនុស្សធម៌នៅក្នុងប្រទេសស៊ីរី និងតំបន់ដែលបានឈានចូលដល់ឆ្នាំទី ១០ របស់ខ្លួន កាន់តែមានភាពជ្រាលជ្រៅថែមទៀតដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ កាលពីឆ្នាំមុន ហើយស្ថានភាពមានភាពបន្ទាន់នៅក្នុងគ្រប់វិស័យទាំងអស់ រួមទាំងចំណីអាហារ ទឹកផឹក ការថែទាំសុខភាព និងការអប់រំ»។

សេចក្តីប្រកាសនោះបាននិយាយបន្ថែមថា «រដ្ឋាភិបាលរបស់យើងនឹងបន្តពង្រីកការគាំទ្រផ្នែកមនុស្សធម៌សម្រាប់ជនភៀសខ្លួន ស្ត្រីអនីតិជន និងជនងាយរងគ្រោះដទៃទៀតនៅក្នុងប្រទេសស៊ីរី និងតំបន់ផ្សេងៗទៀតដែលទទួលរងនូវវិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំ»។

ក្រសួងនេះបាននិយាយថា ការគាំទ្រផ្នែកមនុស្សធម៌របស់កូរ៉េខាងត្បូងរួមមានជំនួយតាមរយៈអង្គការអន្តរជាតិ និងការផ្តល់អង្ករចំនួន ៣.០០០តោនដល់ប្រជាជនស៊ីរីដែលកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារ៕

ប្រភព៖ ក្រសួងព័ត៌មាន