ភ្នំពេញ៖ ទំនប់ស្ទាក់ទឹកដូនទ្រីខេត្តបាត់ដំបងសម្រេចសាងសង់បាន៣០ភាគរយហើយៗ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ ដើម្បីធានាឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ទាំងក្នុងជីវភាពប្រចាំថ្ងៃ និងការងារបង្កបង្កើនផល ។

លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបាត់ដំបងបានមានប្រសាសន៏ថា ទំនប់ដូនទ្រីនេះ មានទីតាំងស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង គឺជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ប្រើបច្ចេកវិទ្យាយ៉ាងទំនើប ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម ធ្វើឡើងទុកជាប្រយោជន៍ សម្រាប់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

លោកបន្តថា អាងស្ទាក់ទឹកដូនទ្រីនេះ ទទួលបានប្រភពទឹកពីភ្នំនៅក្បែរនោះ ដែលមានស្តង់ដារជាប្រព័ន្ធធារាសាស្រ្តទំនើប ។ លោកបញ្ជាក់ថា បច្ចុប្បន្នអាងស្ទាក់ទឹកដ៏ធំល្វឹងល្វើយនេះ បានសាងសង់សម្រេចបាន ប្រមាណ៣០ភាគរយ អាចស្តុកទឹកបានប្រមាណជា១៦៣លានម៉ែត្រគូប ទាញយកទឹកប្រើប្រាស់លើស្រុកចំនួន៣ គឺស្រុករុក្ខគិរី, ស្រុកមោងឬស្សី និងស្រុកកោះក្រឡ ។

«ចំពោះកិច្ចដំណើរការនៃការសាងសង់នូវប្រព័ន្ធធារាសាស្ត្រថ្មីៗគឺយើងធ្វើអាងទឹកធំមួយធំមែនទែនបើនិយាយពីលក្ខណៈវិទ្យាសាស្រ្ត សម្រាប់ស្រុកខ្មែរគឺមានតែអាងទឹកមួយហ្នឹងទេគឺទំនប់ស្ទាក់ទឹកដូនទ្រី ដែលនៅផ្នែកខាងលើនៃស្រុករុក្ខគិរីហើយមានព្រំប្រទល់ជាប់ទៅនឹងស្រុកវាលវែងនៃខេត្តពោធិ៍សាត់ហើយគម្រោងការនេះ យើងសម្រេចបានជាង ៣០ភាគរយហើយដោយសារសំណង់នេះមានលក្ខណៈទំនើបគឺយើងបានចោះភ្នំជាលក្ខណៈធម្មជាតិក្នុងការបញ្ជាការបិទបើកទ្វាទឹកតាមរយៈនេះ»។

សូមបញ្ជាក់ថា ខេត្តបាត់ដំបងមានប្រព័ន្ធធារាសាស្រ្តធំៗចំនួន៤ រួមមាន៖ ទំនប់សេកសក, ទំនប់បឹងកំពីងពួយ, ទំនប់ស្ទឹងបវេល និងទំនប់បាសាក់ ដែលសុទ្ធតែជាអាងស្តុកទឹកដ៏សំខាន់ សម្រាប់ការដាំដុះរបស់កសិករ មិនបារម្ភ ពីគ្រោះរាំងស្ងួត ៕

ប្រភព៖ ក្រសួងព័ត៌មាន