ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនដល់មន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ដែលមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីវេលាម៉ោង ៨ព្រឹកថ្ងៃនេះតទៅ។

ការបើកយុទ្ធនាការនាព្រឹកនេះដែរ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល និងសហការី បានចុះពិនិត្យការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងបានធ្វើការណែនាំ ដល់គ្រូពេទ្យឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារនេះ។ ជាពិសេសត្រូវពិនិត្យឱ្យបានល្អិតល្អន់លើសុខភាពមន្ត្រីដែលមកចាក់ ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពស់ ដោយប្រើកាយវិការឱ្យបានសមរម្យទៅកាន់ពួកគាត់។

ក្នុងការចុះពិនិត្យនេះ លោកជំទាវអភិបាលរងខេត្ត បានមានប្រសាសន៍ណែនាំ សម្របសម្រួលដល់មន្ត្រី ដែល បានអញ្ជើញមកចាក់វ៉ាក់សាំងនាពេលនេះ ត្រូវអនុវត្តតាមការណែនាំ ៣ កុំ ៣ ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចជា វិធានការការពាររបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាត និងលាងដៃ ជាមួយអាល់កុល ឬសាប៊ូ ឲ្យបានញឹកញាប់ ។

សូមបញ្ជាក់ថា៖ មន្ត្រីរាជការដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងនាព្រឹកនេះមានចំនួន ២៦៥នាក់ និងពេលរសៀលមានចំនួន ១៥០នាក់ ដែលមកពីមន្ទីរសាធារណះការខេត្តកណ្តាល មន្ទីរផែនការខេត្ត និងមន្ត្រីEDC ក្រុងតាខ្មៅ។

-សម្រាប់ថ្ងៃទី២ រួមមាន៖រដ្ឋបាលខេត្ត មន្ទីរទំនាក់ទំនងរដ្ឋសភាព ព្រឹទ្ធសភា និងអធិការកិច្ច មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

-ថ្ងៃទី៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា មន្ទីរទេសចរណ៍ សាខារតនាគារ សាខាធនាគារជាតិ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ សាខាពន្ធដា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរសូរិយោដី និង ពន្ធនាគារខេត្ត។

-ថ្ងៃទី៤ មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីររ៉ែ និងថាមពល មន្ទីរបរិស្ថាន មន្ទីរអភិវឌ្ឍជនបទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

-ថ្ងៃទី៥ មន្ទីរកិច្ចការនារី សាខាគយ និងរដ្ឋាករ សាលាដំបូង មន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ មន្ទីរមុខងារសាធារណៈ មន្ទីរពាណិជ្ជកម្ម សាខា ប.ស.ស និងមន្ទីរព័ត៌មាន។

-ថ្ងៃទី៦ ព្រះសង្ឃ និវត្តន៍ជន អតីតយុទ្ធជន និងអ្នកផ្សារ អ្នករត់តាក់ស៊ី រត់កង់បី ម៉ូតូឌុប សេវាករ  សាឡន

និងជាងកាត់សក់។