ដំណាំត្រសក់របស់កសិករនៅក្នុងខេត្តស្វាយរៀង អាចរកចំណូលបាន៦០លានរៀលក្នុងមួយឆ្នាំ ដែលអាចជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ បានយ៉ាងប្រសើរ ។

លោក ឡឹក ប៊ុនធឿន ជាប្រជាពលរដ្ឋរស់នៅឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានឱ្យដឹងថា ការប្រកបមុខរបរដាំបន្លែត្រសក់នេះ គឺមានរយ:ពេលច្រើនឆ្នាំមកហើយ ប៉ុន្តែការដាំដុះកន្លងមក គឺមានលក្ខណៈតិចតួចតែប៉ុណ្ណោះ ប៉ុន្តែរយ:ពេល២ឆ្នាំមកនេះ ការដាំដុះដំណាំត្រសក់របស់លោក គឺមានភាពល្អប្រសើរជាងឆ្នាំមុនៗ ដោយសារលោកបានពង្រីកដីដាំដុះបន្ថែមមានទំហំសរុបជាង១ហិចតា ហើយក្នុងមួយឆ្នាំអាចប្រមូលផលត្រសក់បានចំនួន៤លើក ។

កសិកររូបនោះ បានបន្តថា ក្នុងមួយថ្ងៃ លោកអាចប្រមូលផលត្រសក់បាន ចាប់ពី៥០០ទៅ៨០០គីឡូក្រាម និងអាចលក់ចេញបានក្នុងតម្លៃ១០០០រៀល ទៅ១៥០០រៀលក្នុងមួយគីឡូក្រាម។

លោកបានបញ្ជាក់ថា ក្នុងមួយឆ្នាំអាចរកបា្រក់ចំណូលបាន៦០លានរៀល ។ ក្នុងនោះ ទិន្នផល៧០ភាគរយគឺមានឈ្មួញមកទទួលទិញដល់ផ្ទះតែម្តង និង៣០ភាគរយទៀត គឺពួកគាត់យកទៅលក់នៅលើទីផ្សារ ។ លោកបានបន្តទៀតថា ចំពោះការដាំដុះបន្លែត្រសក់នេះ គឺមានការគាំទ្រច្រើនពីអ្នកបរិភោគ ដោយសារតែខាងមន្ទីរកសិកម្ម បានចុះអប់រំណែនាំដល់ពួកគាត់ ពីបច្ចេកទេសក្នុងការដាំដុះ ធ្វើយ៉ាងណាឱ្យឆាប់ទទួលបានផល និងឆាប់បានយកទៅលក់នៅលើទីផ្សារ។

កន្លងមកនេះ មានការជួយគាំទ្រការបណ្ដុះបណ្ដាលពីមន្ទីរកសិកម្មខេត្តស្វាយរៀងនោះ គឺគាត់បានមកជួយបង្រៀនបណ្ដុះបណ្ដាលនូវការដាំដុះ ហើយគាត់បានជួយនូវសម្ភារមួយចំនួន មានដូចជា ផ្ទះសំណាញ់ សម្ភារសំណាញ់ ព្រមទាំងផ្តល់នូវបច្ចេកទេសថ្មីៗ ដែលគាត់បានស្រាវជ្រាវ មកប្រាប់ឱ្យយើងធ្វើ ហើយយើងឃើញថាទទួលបានជោគជ័យច្រើន ក្នុងការដាំដុះនៃផ្នែកកសិកម្មនេះ។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យងាកមកទិញបន្លែដែលជារបស់ខ្មែរយើងដាំ មានតម្លៃសមរម្យ មិនប្រើប្រាស់សារធាតុគីមី យកទៅបរិភោគ មិននាំឱ្យប៉ះពាល់ដល់សុខភាពឡើយ ៕

ប្រភព៖​ក្រសួងព័ត៌មាន