ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ខ្លួនគាំទ្រយ៉ាងខ្លាំងក្នុងការជំរុញកិច្ចចរចាសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ា តាមមធ្យោបាយអាស៊ាន ព្រមទាំងគាំទ្រការធ្វើកិច្ចប្រជុំពិសេសមួយរបស់បណ្តាមេដឹកនាំអាស៊ាន ដើម្បីធ្វើការសម្រុះសម្រួលស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា តាមការបរិច្ឆេទឱ្យបានឆាប់មួយ។

សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេស លោក វ៉ាង យី បានធ្វើការកត់សម្គាល់នេះ នៅពេលធ្វើកិច្ចប្រជុំកាសែតរួមគ្នាជាមួយសមភាគីម៉ាឡេស៊ីរបស់លោក គឺលោក ហ៊ីសាមូឌីន ហ៊ូសេន ក្នុងទីក្រុងណានពីង ខេត្តហ៊្វូជៀន។

 

លោក វ៉ាង បាននិយាយថា គេសង្ឃឹមថាភាគី ដែលមានជាប់ទាក់ទងរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវតែដំណើរការចេញពីផលប្រយោជន៍រយៈពេលយូររបស់ប្រទេស និងប្រជាជាតិនេះ ដោយផ្តួចផ្តើមគំនិតធ្វើការសន្ទនាគ្នា និងពិគ្រោះយោបល់គ្នាឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីសម្រុះសម្រួលការប្រេះឆាគ្នានៅក្រោមច្បាប់រដ្ឋធម្មនុញ្ញ និងក្របខ័ណ្ឌច្បាប់ ព្រមទាំងជំរុញទៅមុខដោយឥតផ្លាស់ប្តូរដំណើរការផ្លាស់ប្តូរតាមលទ្ធិប្រជាធិបតេយ្យដែលពិបាកទទួលបាននោះ។

ដោយអំពាវនាវដល់ភាគីដែលមានជាប់ទាក់ទងទាំងអស់ឱ្យអនុវត្តន៍នូវការអត់ធ្មត់នោះ ប្រទេសចិន និងម៉ាឡេស៊ីបានព្រមព្រៀងគ្នាថា សហគមន៍អន្តរជាតិត្រូវតែធ្វើតាមបទដ្ឋានជាមូលដ្ឋាននៃការមិនចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង ព្រមទាំងបង្កើតនូវបរិយាកាសដ៏ល្អមួយសម្រាប់ការផ្សះផ្សាគ្នាឡើងវិញខាងនយោបាយក្នុងស្រុកនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

ប្រភព៖ ក្រសួងព័ត៌មាន