ប្រធាន SCA លោក អូសាម៉ារ៉ាប៊ី បាននិយាយថា អាជ្ញាធរព្រែកជីកស៊ុយអេរបស់ប្រទេសអេហ្ស៊ីប (SCA) នឹងស្វះស្វែងរកសំណងជាង ១ប៊ីលានដុល្លារអាម៉េរិក សម្រាប់ការបាត់បង់ ដែលបង្កឡើងដោយនាវាកុងតឺន័រ Ever Given ដែលជាប់ក្នុងផ្លូវទឹកនេះ ព្រមទាំងធ្វើឱ្យរាំងស្ទះដល់ការធ្វើនាវាចរអស់រយៈពេល ៦ថ្ងៃ។
លោក រ៉ាប៊ី បានប្រាប់បណ្តាញទូរទស្សន៍ក្នុងស្រុកមួកាលពីថ្ងៃពុធថា សំណងសម្រាប់ការបាត់បង់ និងការខូចខាតនេះនឹងឡើងដល់ជាង ១ប៊ីលានដុល្លារអាម៉េរិក។ នេះជាសិទ្ធិរបស់រដ្ឋ ហើយយើងនឹងមិនបោះបង់ចោលសិទ្ធិនេះទេ។
ប្រធាន SCA បានពន្យល់ថា សំណងដែលបានទាមទារដោយអាជ្ញាធរនេះ មិនគ្រាន់តែសម្រាប់ការបាត់បង់ហិរញ្ញវត្ថុដែលបង្កឡើង ដោយការផ្អាកការធ្វើនាវាចររយៈ ពេល ៦ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តនឹងរួមបញ្ចូលការចំណាយទៅលើការប្រើប្រាស់ម៉ាស៊ីនបមភក់ និងនាវាសណ្តោង ព្រមទាំងការខូចខាតរូបវ័ន្តដែលបានបង្កឡើងក្នុងអំឡុងពេលដំណើរការជួយស្រោចស្រង់នោះ។
ប្រទេសអាហ្ស៊ីបបានឱ្យបន្តឡើងវិញនូវការធ្វើនាវាចរក្នុងព្រែកជីកនេះនៅជាច្រើនម៉ោងបន្ទាប់ពីនាវាកុងតឺន័រដែលកឿងនេះត្រូវបានគេជួយសង្រ្គោះកាលពីព្រឹកថ្ងៃចន្ទ ដែលបន្ទាប់មកមាននាវា ៤២២គ្រឿងដែលនៅរង់ចាំនោះបានចាប់ផ្តើមឆ្លងកាត់ផ្លូវទឹកនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន