ឯកឧត្ដម ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានវាយតម្លៃខ្ពស់ ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសនៅតាមតំបន់ព្រំដែនដែលមានការវិវត្តន៍ស្មុគស្មាញ។
នៅក្នុងលិខិតចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ផ្ញើជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ង្វៀន សួនហ្វុក បានគូសបញ្ជាក់ថា ជំងឺរាតត្បាតកូវីដ-១៩ បាននិងកំពុងជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់គ្រប់ប្រទេសលើសកលោក។ នាពេលកន្លងមក កម្ពុជា និងវៀតណាម បានខិតខំនិងដាក់ចេញនូវវិធានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពជាច្រើន ព្រមទាំងបានចែករំលែក និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងគ្រាដ៏លំបាកនេះ។ ប៉ុន្តែស្ថានភាពក្នុងពេលថ្មីៗនេះ កំពុងមានការវិវត្តយ៉ាងស្មុគស្មាញដែលទាមទារឱ្យគ្រប់ប្រទេសទាំងអស់ ទាំងកម្ពុជានិងវៀតណាម ចាំបាច់ត្រូវខិតខំប្រឹងប្រែងខ្លាំងជាងមុន និងបង្កើនសាមគ្គីភាពដ៏ជិតស្និទ្ធកាន់តែខ្លាំងថែមទៀត ដើម្បីឆ្លើយតប និងយកឈ្នះជំងឺរាតត្បាតនេះ។
ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមបានគូសបញ្ជាក់បន្ថែមថា វៀតណាមសូមវាយតម្លៃខ្ពស់ ចំពោះគ្រប់វិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនេះ ជាពិសេសនៅតាមតំបន់ព្រំដែនដែលមានការវិវត្តស្មុគស្មាញ។ ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមក៏បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងស្ថាប័ននានារបស់កម្ពុជាចំពោះសហគមន៍ជនជាតិវៀតណាម ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅកម្ពុជា។ ឯកឧត្ដមថ្លែងទៀតថា «ក្នុងស្មារតីទំនាក់ទំនងភាពជាអ្នកជិតខាង មិត្តភាពជាប្រពៃណី និងបណងប្រាថ្នាចង់ជួយគ្នាក្នុងគ្រាលំបាក រដ្ឋាភិបាលវៀតណាមសូមផ្ញើជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នូវថវិកាចំនួន ២០០ ០០០ដុល្លារអាម៉េរិក ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ»។
ឯកឧត្ដម ង្វៀន សួនហ្វុក ក៏បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជានឹងគ្រប់គ្រងបាននូវការរីករាលដាលក្នុងពេលឆាប់ៗ និងនាំមកនូវស្ថិរភាពជូនប្រជាជន។ ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមក៏បានជូនពរសម្ដេចតេជោនាយករដ្ឋមន្ត្រី បន្តទទួលបាននូវភាពជោគជ័យបន្ថែមទៀតនាពេលខាងមុខ។
ដោយឡែកក្នុងលិខិតចុះថ្ងៃទី០២ ខែមេសាឆ្នាំ២០២១របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯកឧត្ដម ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម ង្វៀន សួនហ្វុក និងតាមរយៈឯកឧត្ដមជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្ដល់ជំនួយជាទឹកប្រាក់ចំនួន ២០០ ០០០ដុល្លារអាម៉េរិក ជូនរាជរដ្ឋាភិបាកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
សម្ដចេចតេជោថ្លែងថា«ខ្ញុំមានសេចក្ដីរំភើបក្នុងចិត្ត ចំពោះពាក្យពេជន៍ពោរពេញដោយការលើកទឹកចិត្តដល់ខ្ញុំ ក្នុងលិខិតសាកសួរសុខទុក្ខរបស់ឯកឧត្ដមចុះថ្ងៃទី៣១ ខែមីនាឆ្នាំ២០២១»។
សម្ដេចតេជោក៏បានសម្ដែងនូវការកោតសរសើរចំពោះវៀតណាម ដែលបានទទួលជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសូមអះអាងសារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីជម្នះឱ្យបានលើវិបត្តិសកលដែលពុំធ្លាប់ជួបប្រទះពីមុនមកនេះ។ សម្ដេចតជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ខ្ញុំសូមអះអាងសារជាថ្មីថា កម្ពុជានឹងបន្តផ្ដល់ប្រព្រឹត្តកម្មលើជនបរទេសទាំងអស់រួមទាំងប្រជាជនដែលមានដើមកំណើតវៀតណាមរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យដូចគ្នាជាមួយនឹងពលរដ្ឋកម្ពុជា ក្នុងកិច្ចការពារពីការរីករាលដាលជំងឺកូវីដ-១៩ នេះ។ ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលវៀតណាម ដែលបានផ្ដល់ប្រព្រឹត្តកម្មដ៏ល្អចំពោះសហគមន៍កម្ពុជានៅវៀតណាម ក្នុងពេលដ៏លំបាកនេះ»៕
ប្រភព៖ ក្រសួងព័ត៌មាន