ទំនប់សេកសកខេត្តបាត់ដំបងបានផ្គត់ផ្គង់ទឹកលើវិស័យកសិកម្មផង និងជួយអភិរក្សធនធានមច្ឆជាតិនៅទីនោះផង ព្រោះវិសាលភាពផ្ទៃទឹកនេះ ធំទូលាយនិងមិនចេះរីងស្ងួតដែលអំណោយផលដល់ពពួកត្រីទឹកសាបរស់នៅ។
លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានមានប្រសាសន៍ថា ទំនប់ពហុបំណងឬហៅថាទំនប់ សេកសក មានទីតាំងស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ទំនប់នេះ មានប្រវែងជាង៣គីឡូម៉ែត្រ និងកម្ពស់១០ម៉ែត្រ ដែលស្តុកទឹកបានប្រមាណជិត៣០០០លានម៉ែត្រគូប ហើយដែលអាចផ្គត់ផ្គង់ទឹក ស្រោចស្រពលើដីស្រែ របស់ប្រជាកសិករបានជាង៦ម៉ឺនហិកតា ។ លោកបន្តថា ក្រៅពីផ្គត់ផ្គង់ទឹកប្រើប្រាស់លើវិស័យកសិកម្មទូទាំងខេត្ត ហើយក៏ជា ជម្រកពពួកត្រីជាច្រើនប្រភេទរស់នៅ ដូចជា: ត្រី គល់រាំង , ត្រី ប្រា , ត្រី ឆ្ពិន និងបង្កង ។
«តំបន់នេះគឺជាតំបន់មួយដែលក្លាយជាជម្រកមច្ឆជាតិដើម្បីរក្សាពូជត្រីមួយចំនួនទៀតព្រោះអីទំនប់ទឹកនេះមានទឹក ច្រើន ចឹងធ្វើឱ្យយើងអាចថែរក្សាត្រីនេះបានច្រើន ហើយច្រើនពូជទៀត នឹងមានកត្តារួមផ្សំមួយចំនួនទៀតដូចជាជួយកាត់បន្ថយ នូវកម្ដៅ ការពារបាននូវបរិស្ថានជុំវិញនឹងជាច្រើនទៀត»។
លោកបន្តថា វត្តមានមច្ឆជាតិដែលច្រើនឡើងវិញនៅតំបន់នេះ គឺជាការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការការពារធនធាន ជីវៈចម្រុះ ដើម្បីធានាឱ្យទីតំាងនេះកាន់តែសម្បូរដែលបម្រើដល់តម្រូវការហូបចុក របស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់បន្ថែមទៀតថា ទំនប់ពហុបំណងបាត់ដំបង (ទំនប់សសេកសក) ជាគម្រោងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រុមហុ៑ន Guangdong Foreign Construction Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានដាក់ឱ្យដំណើរការប្រើប្រាស់កាលពីឆ្នាំ២០១៨៕
ប្រភព៖ ក្រសួងព័ត៌មាន