កំពង់ស្ពឺ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះសមត្ថកិច្ចចុះឃាត់ខ្លួននារីជាសង្ស័យម្នាក់ នៅចំណុចមុខរោងចក្រផាកហែនប៊ែក ស្ថិតនៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីបទលួចម៉ូតូគេយកទៅលក់ និង ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ បន្ថែមទៀត ពីបទទទួលផលចោរកម្ម ។ នារីជាជនសង្ស័យ ឈ្មោះ កែវ ស៊ីថា ភេទស្រី អាយុ២០ឆ្នាំ មុខរបរធ្វើការរោងចក្រ មានទីលំនៅភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។ ដោយឡែកជនសង្ស័យចំនួន០២នាក់ ទៀតដែលទទួលផលចោរកម្មរួមមាន ៖
១-ឈ្មោះ ជា ភា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរទិញលក់ម៉ូតូ មានទីលំនៅភូមិមហាទំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ២-ឈ្មោះ ស៊ិន រិន្ទដេត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ ទិញលក់ម៉ូតូ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា រួមជាមួយការដកហូតម៉ូតូចំនួន១៦គ្រឿង មានការសង្ស័យពីបទលួច និងទទួលផលចោរកម្ម ។
ជនសង្ស័យ រួមនិងម៉ូតូពាក់ព័ន្ធ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធ ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕