ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ បានបន្ដចុះពិនិត្យការអនុវត្តវិធានការរដ្ឋបាលកំណត់មិនឱ្យធ្វើដំណើរចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

វិធានការរដ្ឋបាលនេះត្រូវបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដែលជាវិធានការរដ្ឋបាលថ្មីមួយ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សម្រាប់អ្នកដែលមិនគោរពតាមបម្រាមគោចរនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតមធ្យោបាយធ្វើដំណើរ។ បន្ទាប់ពីដកហូតមធ្យោបាយហើយនោះ ម្ចាស់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅក្នុងផ្ទះរៀងៗខ្លូន។ នៅពេលធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានត្រូវតាមដានត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ក្នុងករណីការអនុវត្តមិនត្រឹមត្រូវ តាមការណែនាំទេនោះ នឹងអនុវត្តន៍នូវការផាកពិន័យតាមច្បាប់តែម្ដង។

ដោយឡែកបុគ្គលដែលបម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជន ដែលចេញពីធ្វើការក្រោយម៉ោង៨យប់ ស្ថិតក្នុងបម្រាមគោចរដែលបានដាក់ចេញនេះ គឺត្រូវមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ឬក្រុមហ៊ុន និងតម្រូវឱ្យពាក់កាតជាប់ខ្លួនជានិច្ចពេលធ្វើដំណើរ។ សម្រាប់ប្រជាពល រដ្ឋទូទៅដែលត្រូវធ្វើដំណើរបន្ទាន់ភ្លាមៗ មិនអាចខានបានត្រូវផ្ដល់ដំណឹងជាមុនដល់ចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋានងាយស្រួលប្រាប់ទៅតាមគោលដៅត្រួតពិនិត្យនៅតាមដងផ្លូវ ទើបអាចធ្វើដំណើរបានដោយគ្មានការហាមឃាត់។

ក្នុងករណីប្រជាពលរដ្ឋត្រូវការធ្វើដំណើរពេលយប់ ក្នុងម៉ោងដែលត្រូវហាមឃាត់ (មិនបន្ទាន់តែមានកំណត់វេលាច្បាស់លាស់) ត្រូវសុំលិខិតបញ្ជាក់ និងមានវាយត្រាពីចៅសង្កាត់ ឬអាជ្ញាធរមូលដ្ឋាន ដោយប្រាប់អំពីមូលហេតុ និងគោលបំណងនៃការធ្វើដំណើរ ដើម្បីបង្ហាញជូនសមត្ថកិច្ចនៅតាមគោលដៅត្រួតពិនិត្យ ៕

ប្រភព៖ ក្រសួងព័ត៌មាន