អាជ្ញាធរខេត្តសៀមរាបបានអនុវត្តន៍តាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ខេត្តសៀមរាបបានឱ្យដឹងថា បន្ទាប់ពីអាជ្ញាធរបានចាប់ផ្តើមអនុវត្តការបិទការធ្វើដំណើរឆ្លងខេត្តមួយទៅខេត្តមួយនៅព្រំប្រទល់ខេត្តសៀមរាប និងកំពង់ធំចាប់ពីម៉ោងសូន្យមក ឃើញស្ថានភាពអ្នកដំណើរចូលមកខេត្តសៀមរាបទិសដៅមកពីខេត្តកំពង់ធំ គឺមិនមានប្រជាពលរដ្ឋសម្រុកមកច្រើននោះទេ។ គឺមានតែរថយន្តដឹកទំនិញ និងរថយន្តផ្សេងៗទៀតដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត តែប៉ុណ្ណោះ។ហើយចំពោះអ្នកបើកបររថយន្តដឹកទំនិញនីមួយៗក៏ត្រូវបានត្រួតពិនិត្យសុខភាពបឋម និងមានការកត់ត្រាទុកផងដែរ។
លោកបន្តថា ការដែលប្រជាពលរដ្ឋមិន សម្រុកមកច្រើននេះ ប្រហែលជាប្រជាពលរដ្ឋបានយល់ច្បាប់ពីគោលបំណងដែលរាជរដ្ឋាភិបាលសម្រេចបិទបែបនេះ ហើយការមកលេងខេត្តសៀមរាប ក៏មិនដឹងលេងនៅទីណាដែរព្រោះគ្រប់រមណីយដ្ឋានទេសចរណ៍ត្រូវបានបិទអស់ហើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានសម្រេចការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ចំពោះការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន សម្រាប់រយៈ ពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត។
ដោយឡែក ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនេះទេ៕
ប្រភព៖ ក្រសួងព័ត៌មាន