បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានអនុវត្តន៍ហើយនូវវិធានការបិទព្រំប្រទល់ជាមួយខេត្តជិតខាងចំនួនបី ចំពោះយានយន្ត ឬប្រជាពលរដ្ឋដែលគ្មានកិច្ចការចាំបាច់មិនឱ្យមានការចេញ ចូល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅ ក្នុងសហគមន៍កាន់តែខ្លាំង ។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង និង ជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តបានចាប់ផ្តើមបិទព្រំប្រទល់ខេត្តចំនួនបី ជាប់ខេត្តបាត់ដំបង តាំងពីម៉ោង ០០ឈានចូលថ្ងៃទី០៧ខែ មេសា ដែលមានខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និង ខេត្តបន្ទាយមានជ័យ ។
លោកបញ្ជាក់ថា តាមគោលការណ៍រដ្ឋបាលខេត្តបានអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋទៅពិនិត្យ សុខភាពឆ្លងកាត់បាន ចំណែកស្រុកព្រំប្រទល់ជាប់គ្នាឱ្យដំណើរការដើម្បីប្រកបរបររកស៊ី ដឹកកសិផលបានធម្មតា ។
លោកបញ្ជាក់ថា កម្លាំងនគរបាលនិងកងរាជអាវុធ ហត្ថ សហការជាមួយរដ្ឋបាលស្រុកសាមី បានសហការគ្នា បិទព្រំប្រទល់ខេត្ត ប៉ៃលិននៅចំណុច ភ្នំកុយស្រុកកំរៀងខេត្តបាត់ដំបងនិងស្រុកសាលាក្រៅខេត្តប៉ៃលិន ។
ចំណែកខេត្តបន្ទាយមានជ័យបិទចំណុចព្រំប្រទល់ ស្រុកសំពៅលូនខេត្តបាត់ដំបងនិងស្រុកម៉ាឡៃ និងព្រំប្រទល់ស្រុកថ្មគោលខេត្តបាត់ដំបង និង មង្គលបុរី ខេត្តបន្ទាយមានជ័យ ចំណែកខេត្តពោធិ៍សាត់ បិទត្រង់ចំណុច ស្រុកមោងឫស្សីខេត្តបាត់ដំបង និងស្រុក បាកានខេត្តពោធិ៍សាត់ ។អ្នកនាំពាក្យខាងលើបានបញ្ជាក់ថា រដ្ឋបាលខេត្តកំពុងពិចារណាបិទ ព្រំប្រទល់ខេត្ត ជាប់ផ្លូវទឹកបន្ថែមទៀត ដូចជាខេត្តសៀមរាបនិងខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ កែវ ដុក នាយរងការិយាល័យចរាចរណ៍ខេត្តបាត់ដំបង កំពុងឈរជើងនៅចំណុចឃុំបឹងព្រីង ស្រុកថ្មគោល ជាប់ព្រំប្រទល់ឃុំភ្នំតូច ស្រុកមង្គលបុរី បានលើកឡើងថា ចាប់ពីម៉ោង០០ចូលថ្ងៃទី៧ ខែមេសានេះ មានការអនុញ្ញាតឱ្យរថយន្តឆ្លងកាត់ផងដែរ លើប្រភេទរថយន្ត ដឹកទំនិញ រថយន្តដឹកអ្នកជំងឺ រថយន្តអគ្គិភ័យ រថយន្តក្បួនថ្នាក់ដឹកនាំ ឬអ្នកកាន់លិខិតបញ្ជាបេសសកម្ម ចាំបាច់ទៅតំបន់ណាមួយជាដើម ។
លោកបញ្ជាក់ថា សកម្មភាពយានយន្ត ឬការធ្វើដំណើររបស់ពលរដ្ឋឆ្លងកាត់ព្រំប្រទល់ខេត្តបាត់ដំបង និងបន្ទាយមានជ័យ លើផ្លូវជាតិលេខ៥ មានការថយចុះច្រើន បើធៀបនឹងរាល់ថ្ងៃ ។
លោកបានបន្តថា ការថយចុះនេះ ព្រោះប្រជាពលរដ្ឋបានយល់ដឹងច្រើនពីបម្រាមគោចរ របស់រាជរដ្ឋាភិបាល ខណៈអ្នកដែលមិនទាន់ដឹង ក៏ត្រូវសមត្ថកិច្ចធ្វើការពន្យល់ណែនាំឱ្យពួកគេបានយល់ដឹង និងគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការបិទព្រំប្រទល់នេះ ជាមួយនឹងការអប់រំផ្សព្វផ្សាយបន្ថែម ពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល មានការអនុវត្តន៍នូវ៣ការពារ និង៣កុំ ។
សមត្ថកិច្ចប្រចាំតាមព្រំប្រទល់ បានសំណូមពរដល់ប្រជាពលរដ្ឋ សូមមានការយោគយល់អធ្យាស្រ័យ ចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ ៕
ប្រភព៖ ក្រសួងព័ត៌មាន