កាលពីថ្ងៃពុធ ក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសាររបស់ប្រទេសឥណ្ឌាបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ប្រទេសឥណ្ឌាបានបញ្ជាក់អំពីចំនួនខ្ពស់បំផុតថ្មីមួយនៃករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃចំនួន ១១៥.៧៣៦នាក់ ដែលធ្វើឱ្យចំនួនសរុបនៅក្នុងប្រទេសកើនឡើងដល់ ១២.៨០១.៧៨៥នាក់។
ការកើនឡើងប្រចាំថ្ងៃនៃករណីជំងឺកូវីដ-១៩ នេះ គឺជាចំនួនច្រើនបំផុតចាប់តាំងពីមានការរាតត្បាតនៅប្រទេសឥណ្ឌា។ ចំនួនកំណត់ត្រាខ្ពស់ពីមុន គឺចំនួន ១០៣.៥៥៨នាក់ដែលត្រូវបានកត់ត្រាកាលពីថ្ងៃទី ៥ ខែមេសា។ កាលពីថ្ងៃទី ១៧ ខែកញ្ញា ចំនួនខ្ពស់បំផុតនៃករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៧ ៨៩៤នាក់ត្រូវបានចុះបញ្ជី។
ចំនួនអ្នកស្លាប់ដែលទាក់ទងនឹងការឆ្លងមេរោគកូរ៉ូណាវីរុសបានកើនឡើងនៅក្នុងប្រទេសឥណ្ឌាមានចំនួន ៦៣០នាក់ចាប់ពីព្រឹកថ្ងៃអង្គារ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបមានដល់ ១៦៦.១៧៧នាក់។ យោងតាមក្រសួងនេះបានឱ្យដឹងថា ចំនួនអ្នកជំងឺដែលកំពុងទទួលការព្យាបាលនៅក្នុងប្រទេសនេះជាលើកដំបូងនៅក្នុងឆ្នាំនេះ គឺលើសពី ៨០០.០០០នាក់ ហើយបានកើនឡើងដល់ ៨៤៣.៤៧៣នាក់ ដោយមានអ្នកជំងឺបន្ថែមប្រហែល ៥៥.២៥០នាក់ច្រើនជាងកាលពីថ្ងៃមុន។ ចំនួនករណីសកម្មនៃជំងឺកូវីដ-១៩ បានកើនឡើងក្នុងរយៈពេល ២៨ថ្ងៃកន្លងមក។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ចំនួននៃការជាសះស្បើយមាន ៥៩.៨៥៦នាក់ ដែលធ្វើឱ្យចំនួនអ្នកដែលជាសះស្បើយសរុបឡើងដល់ ១១.៦៨២.១៣៦នាក់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Harsh Vardhan បានព្រមានកាលពីថ្ងៃអង្គារថា រយៈពេល ៤សប្តាហ៍ខាងមុខនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការឆ្លង និងបានអំពាវនាវឱ្យពលរដ្ឋគោរពវិធានការការពារឱ្យបានពេញលេញ ដូចជាការពាក់ម៉ាសមុខ និងគម្លាតសង្គមជាដើម។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ប្រជាជនឥណ្ឌាចំនួន ៣.៣៣៧.៦០១នាក់ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ក្រសួងបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃយុទ្ធនាការចាក់វ៉ាក់សាំងដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៦ ខែមករា ប្រជាជនសរុបចំនួន ៨៧.០៧៧.៤៧៤នាក់បានទទួលការចាក់វ៉ាក់សាំង៕
ប្រភព៖ ក្រសួងព័ត៌មាន