សៀមរាប៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានមេរោគកូវីដ-១៩ ថ្មីចំនួន០២នាក់ ដែលអ្នកទាំង២នាក់នោះ មានការពាក់ព័ន្ធនឹងហាងកាហ្វេលឹង្គ ១០០០ ដែលបុរសអ្នកបើករថយន្តតាក់ស៊ី មានផ្ទុកមេរោគកូវីដ-១៩ កាលពីថ្ងៃទី២៧ ខែមីនាកន្លងមក។

សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភ:នេះ ខេត្តសៀមរាប បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន២នាក់ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ជាអ្នកពាក់ព័ន្ធជាមួយនឹងបុរសវិជ្ជមានជំងឺកូវីដ-១៩ ដែលជាអ្នកបើករថយន្តតាក់ស៊ី និងហាងកាហ្វេលឹង្គ ១០០០នោះ រួមមានដូចខាងជា៖ ១- លោក ទាវ សូវៀត អាយុ ៣០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបានទៅហាងកាហ្វេលឹង្គ១០០០ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។ ២- លោក ពុធ សំអាត អាយុ ៣២ឆ្នាំ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបានទៅហាងកាហ្វេលឹង្គ ១០០០ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានទាំងពីរនាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០១ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១កន្លងទៅ មានបុរសជាអ្នកបើកបររថយន្តតាក់ស៊ី ត្រូវបានក្រុមគ្រូពេទ្យខេត្តសៀមរាម រកឃើញថា គាត់មានវិជ្ជមានមេរោគកូវីដ-១៩។ បន្ទាប់ពីសាកសួរ បុរសរូបនេះ បានប្រាប់គ្រូពេទ្យថា រូបគាត់ធ្លាប់ទៅទទួលទាននំបញ្ចុកនៅភូមិព្រះដាក់ និងទៅទីកន្លែងមួយចំនួនទៀត ដូចជាហាងកាហ្វេលឹង្គ១០០០នៅក្រុងសៀមរាប។

កាលពីពេលថ្មីៗនេះ បុគ្គលិកម្នាក់ និងភ្ញៀវម្នាក់របស់ហាងកាហ្វេលឹង្គ១០០០ នេះ ត្រូវបានអាជ្ញាធរសុខាភិបាលរកឃើញមានវិជ្ជមានមេរោគកូវីដ-១៩ និងបើគិតទាំងករណីថ្មីដែលទើបនឹងរកឃើញនេះផង បង្ហាញថាអ្នកពាក់ព័ន្ធជាមួយហាងកាហ្វេនេះមានអ្នកវិជ្ជមានកូវីដ-១៩ បានកើនដល់៤នាក់៕

ប្រភព៖ ក្រសួងព័ត៌មាន