បាត់ដំបង៖ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យទីតាំងគោលដៅដែលដាក់បារ៉ាស់បិទការធ្វើដំណើរ ឆ្លងកាត់បណ្តោះអាសន្ន រវាងខេត្តបាត់ដំបង និង ខេត្តបីជាប់គ្នាមានខេត្តពោធិ៍សាត់ ខេត្តប៉ៃលិននិងខត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២១ ។
ក្នុងការចុះត្រួតពិនិត្យនេះឯកឧត្តម ងួន រតន អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានដឹកនាំមន្រ្តីមន្ទីរស្ថាប័នពាក់ព័ន្ធ ចុះត្រួតពិនិត្យនៅចំណុចគោលដៅព្រំប្រទល់ខេត្តពោធិ៍សាត់ លោកណុប ដារ៉ា អភិបាលរងខេត្ត ដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យប៉ុស្តិ៍ព្រំប្រទល់ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ ចំណែកលោក អ៊ុយ សុធាវី អភិបាលរងខេត្តដឹកនាំ មន្រ្តីពាក់ព័ន្ធត្រូតពិនិត្យ ប៉ុស្តិ៍ចំណុចព្រំប្រទល់ខេត្តបាត់ដំបងនិងខេត្តប៉ៃលិន ។
លោកជា សម្បត្តិ អភិបាលស្រុកថ្មគោលខេត្តបាត់ដំបងបានឧ្យដឹងថា ស្ថានភាពពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ខេត្តបាត់ដំបង និងបន្ទាយមានជ័យថ្ងៃមុនដំបូងទី៧ខែមេសា ពលរដ្ឋមានប្រតិកម្មខ្លះ តែថ្ងៃបន្តបន្ទាប់ប្រជាពលរដ្ឋមានការយល់ដឹង ពីសារាចរណែនាំរបស់រាជរដ្ឋាភិបាលក្នុងការផ្អាកការធ្វេីដំណេីរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដេីម្បីទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩។
លោក ឧត្តមសេនីយ៍ត្រី គឹម មនោ ស្នងការរងនគបាលខត្តបាត់ដំបងបានឱ្យដឹងថា ខេត្តបាត់ដំបងបានបិទព្រំប្រទល់ខេត្ត ចំនួនបីដែលជាប់គ្នា មានខេត្តពោធិ៍សាត់ បន្ទាយមានជ័យនិងខេត្តប៉ៃលិន។ ក្នុងការបិទព្រំប្រទល់ខេត្តទាំងបីជាប់គ្នានិងខេត្តបាត់ដំបងនះ គឺតាមព្រំប្រទល់នីមួយៗកម្លាំងនគរបាលនិងកងរាជអាវុធហត្ថ សហការជាមួយរដ្ឋបាលស្រុកសាមី បានសហការគ្នា បិទព្រំប្រទល់ខេត្តប៉ៃលិននៅចំណុច ភ្នំកុយស្រុកកំរៀងខេត្តបាត់ដំបង និងស្រុកសាលាក្រៅខេត្តប៉ៃលិន ។
ចំណែកខេត្តបន្ទាយមានជ័យបិទចំណុចព្រំប្រទល់ ស្រុកសំពៅលូនខេត្តបាត់ដំបងនិងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងព្រំប្រទល់ស្រុកថ្មគោលខេត្តបាត់ដំបង និងមង្គលបូរីខេត្តបន្ទាយមានជ័យ ចំណែកខេត្តពោធិ៍សាត់ បិទត្រង់ចំណុច ស្រុកមោងឫស្សីខេត្តបាត់ដំបង និងស្រុកបាកានខេត្តពោធិ៍សាត់ ។
ទោះបីយ៉ាងណាក៏មានការលេីកលែងចំពោះការធ្វេីដំណេីរឆ្លងកាត់ក្នុងករណីចាំបាច់មួយចំនួនផងដែរ ដែលក្នុងនោះ បានលេីកលែងការបេីកឆ្លងកាត់ចំពោះ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ តាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក
-ការធ្វើដំណើរ សម្រាប់មន្រ្តីសាធារណៈថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ តែត្រូវបង្ហាញប័ណ្ណសម្គាល់ការងារ របស់ខ្លួន ឯកសារបេសកកម្មនិងឯកសារពាក់ព័ន្ធផ្សេងទៀត។
-ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន បូករួមទាំងដឹក ជញ្ជូនពលករដែលធ្វើដំណើរត្រឡប់មកពីក្រៅប្រទេស ចូលមកស្រុកកំណើត ក្នុងបំណងមកធ្វើចត្តាឡីស័កនៅមូលដ្ឋាន
-រថយន្តសង្គ្រោះបន្ទាន់របស់រដ្ឋនិងឯកជន រថយន្តពន្លត់អគ្គីភ័យ រថយន្តបម្រើសាធារណៈ រថយន្ត ដឹកជញ្ជូនសំរាមនិងកាកសំណល់ ការដឹកជញ្ជូនកម្មករទៅកាន់កន្លែងការងារ រោងចក្រ សហគ្រាស ដែល មានលិខិតបញ្ជាក់ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឬមន្ទីរការងារ
-ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពដែលជិតបំផុត ដើម្បីទទួលសេវាសុខភាពចាំបាច់ និង បន្ទាន់ តែមិនឱ្យលើសពី៤នាក់ សម្រាប់ករណីនីមួយៗ និងការធ្វើដំណើរចាំបាច់ផ្សងទៀតដែលមានការអនុញ្ញាតពីអាជ្ញាធរមានសត្ថកិច្ច ។
ក្នុងឱកាសចុះពិនិត្យទីតាំងឈរជេីងនៅព្រំប្រទល់ខេត្តបាត់ដំបងនិងបន្ទាយមានជ័យលោក ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង បានជំរុញឱ្យមន្រ្តីដែលឈរជើង និងអាជ្ញាធរពាក់ព័ន្ធ មានការត្រួត ពិនិត្យដោយប្រុងប្រយ័ត្ន តាមគោលការណែនាំ ដោយផ្អាកការធ្វើដំណើរឆ្លងកាត់ខេត្តមួយទៅខេត្តមួយបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៧ រហូតដល់២០ខែមេសា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ។
លោកបានផ្តាំផ្ញេីឱ្យមន្រ្តីឈរជេីងក្រៅពីត្រួតពិនិត្យលេីផ្លូវជាតិ ត្រូវពិនិត្យនៅច្រកក្នុងភូមិដែលមានព្រំប្រទល់ជាប់ខេត្តគ្នា ដែល អ្នកធ្វេីដំណេីរអាចលួចឆ្លងកាត់ និងពង្រឹងការវាស់កម្ដៅ បាញ់អាល់កុល និង រក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ៕
ប្រភព៖ ក្រសួងព័ត៌មាន