បន្ទាយមានជ័យ៖  អតីតយុទ្ធជនកម្ពុជាទូទាំងខេត្តបន្ទាយមានជ័យជាង៥០០០នាក់ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ទទួលបានការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ស៊ីណូវ៉ាក  (SINOVAC)  និងមានការអញ្ជើញចូលរួមសំណេះសំណាល និងពិនិត្យ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី នឹងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ធ្វើនៅទីតាំងមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន មកទទួលចាក់វ៉ាក់សាំង  ឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ក៏បានលើកឡើងថា៖ ក្រោមការគិតគូរយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៅដំណាក់កាលនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩  ពិសេសបងប្អូនជាអតីតយុទ្ធជនកម្ពុជា ដោយសម្តេចបានផ្តល់អាទិភាពជូនដល់បងប្អូនជាអតីតយុទ្ធជន ឲ្យទទួលបានការចាក់វ៉ាកសាំង  ការពារពីការចម្លងជម្ងឺកូវីដ-១៩។

ឯកឧត្តមក៏បានបញ្ជាក់ថា៖ សម្តេចបានខិតខំសព្វបែបយ៉ាងដើម្បីបងប្អូនប្រជាជន ពិសេសក្រោយពេលទទួលបានវ៉ាក់សាំង  សម្តេច ក៏បានប្រកាសចាក់ជូនបងប្អូន មន្រ្តីរាជការ សង្គមស៊ីវិល ពលរដ្ឋ ទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃ ។

ឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ក៏បានអំពាវនាវបងប្អូនអតីតយុទ្ធជន បងប្អូនពលរដ្ឋទូទៅ  សូមបន្តចូលរួមអនុវត្តវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួន  ការពារពីការចម្លងពីជម្ងឺកូវិដ-១៩។ ដោយត្រូវប្រកាន់ភ្ជាប់នូវអនុសាសន៍របស់សម្តេចតេជោ “៣ការពារ  ៣កុំ”  ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩  ចូលក្នុងសហគមន៍។ ពិសេសនៅថ្ងៃបុណ្យចូលឆ្នាំដែលនឹងមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខ  សូមអនុវត្តតាមវិធានការ សរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល  កុំមានការជួបជុំ  ប្រមូលផ្គុំមនុស្សច្រើន  ត្រូវរក្សាអនាម័យ  រក្សាគម្លាតសង្គម  កុំចេញក្រៅផ្ទះបើមិនចាំបាច់  ដែលនេះជាវិធានការយ៉ាងល្អប្រសើក្នុងចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។

យោងរបាយការណ៍របស់  គណកម្មការសមាគមន៍ អតីតយុទ្ធជន កម្ពុជាខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលទទួលបានការចាក់វ៉ាក់សាំងសម្រាប់ទូទាំងខេត្តបន្ទាយមានជ័យមានចំនួនសរុប ៥៤៧៦នាក់។  ក្នុងនោះអតីយុទ្ធជននៅក្នុងក្រុងសិរីសោភ័ណមានចំនួន ៩៣៣នាក់,  ស្រុកមង្គលបូរី ៧០៣នាក់,  ស្រុកអូរជ្រៅ៣២៤នាក់, ស្រុកព្រះនេត្រព្រះ៥២នាក់, ស្រុកភ្នំស្រុក ៥០៩នាក់,  ស្រុកស្វាយចេក ៣៧៦នាក់,  ស្រុកថ្មពួក  ៥៦៧នាក់,ស្រុកម៉ាឡៃ  ១០១២នាក់,ក្រុងប៉ោយប៉ែត  ៥០០នាក់៕

ប្រភព៖ សៅ នៅ