គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បានធ្វើការពិន័យអន្តរការណ៍ចំពោះប្រជាពលរដ្ឋប្រុស-ស្រី ចំនួន០៥នាក់ ដែលមិនអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព តាមការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយសារកន្លងមករដ្ឋបាលខេត្ត ស្រុក ឃុំ សង្កាត់ បានធ្វើយុទ្ធនាការផ្សព្វផ្សាយ និងចែកម៉ាសជូនដល់បងប្អូនប្រជាពល រដ្ឋនៅតាមទីប្រជុំជន តាមភូមិ ឃុំ សង្កាត់ និងបន្តផ្សព្វផ្សាយពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាបន្តបន្ទាប់ ក៏ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនតូចនៅតែមិនចូលរួមអនុវត្តន៍តាមការណែនាំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល។
ការប្រកាសធ្វើការពិន័យអន្ដរកាលណ៍នេះ បានធ្វើឡើង កាលពីថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
បើតាមគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ការពិន័យអន្តរការណ៍នេះ យោងតាមអនុក្រឹត្យលេខ ៣៧អនក្រ.បក ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា១៩ បានកំណត់ថា «ត្រូវពិន័យអន្តរការណ៍ពី ២០០ ០០០ (ពីរសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន រៀល) ចំពោះបុគ្គលដែលមិនអនុវត្តន៍នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១ ០០០ ០០០ (មួយលានរៀល) ទៅ ៥ ០០០០០០ (ប្រាំលានរៀល) ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀតដែលមិនគោរពវិធានការគម្លាតសុវត្ថិភាព។ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិណែ នាំអ្នកនៅជុំវិញខ្លួនឱ្យអនុវត្តន៍នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩នៅក្នុងខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិយើង។ ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ ត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។
ទន្ទឹមនោះ រដ្ឋបាលខេត្តព្រះសីហនុ សូមក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមសហការអនុវត្តន៍នូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងគោលការណ៍ការណែនាំរបស់ក្រសួងសុខា ភិបាល និងវិធានការ ៣.ការពារ និង៣.កុំ របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ឱ្យទទួលបានជោគជ័យ៕
ប្រភព៖ ក្រសួងព័ត៌មាន