ភ្នំពេញ៖សម្តេចតេជោ កំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្តិនិងបណ្តេញពីក្របខណ្ឌ ចំពោះឧត្តមសេនីយ៍ផ្កាយ២ ម្នាក់ ល្មើសនឹងបម្រាម ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍តាមរយៈសារសំឡេង ថា សម្តេចកំពុងតែរៀបចំឯកសារដើម្បីស្នើព្រះមហាក្សត្រដើម្បី ដកស័ក្តិ និងបណ្តេញពីក្រប ខណ្ឌ ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក មានតួនាទីជាអនុ ប្រធានសេធិការ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ រួមនឹងបក្ខពួក២នាក់ទៀត ដោយសារហ៊ានបង្កើតកម្មវិធីប៉ាតម្សៅរាំច្រៀងល្មើសនឹងរដ្ឋបាលរាជធានីភ្នំពេញដែលប្រទេសស្ថិតក្នុងដំណាក់ការរីករាលដាលជំងឺកូវីត១៩ កំពុងតែវាយលុកខ្លាំង។

សម្តេចតេជោ បញ្ជាឱ្យឯកឧត្តម ឃួង ស្រេង ចាប់ខ្លួនអ្នកដែលល្មើសនឹងបម្រាមទាំងអស់ ដើម្បីយកមកកាត់ទោស ដោយមិនត្រូវលើកលែងនោះទេ ។ សំឡេង«អាម្នាក់នេះត្រូវតែកាត់ទោសហើយខ្ញុំកំពុងធ្វើនីតិវិធីដើម្បីស្នើសុំព្រះមហាក្សត្រ ដកស័ក្តិ ហើយបណ្តេញចេញពីនគរបាលជាតិ វាយខ្នោះហើយគឺថា អត់មានប្រលែងអីទេគឺត្រូវតែកាត់ទោស ។ ថ្ងៃនេះគេចូលធ្វើការវិញហើយ ដូច្នេះបើកាត់ទោសក្នុងថ្ងៃនេះគឺល្អតែម្តង ឥលូវខ្ញុំកំពុងរកអត្ថលេខ ដើម្បីស្នើសុំព្រះមហាក្សត្រ ឥឡូវឯកឧត្តមឃួងស្រេងវាយខ្នោះឱ្យបានច្រើនបន្តិច ហើយកាត់ទោសចំពោះអ្នកដែលល្មើសតែម្តង អ៊ីចឹងហើយបានLockDown ក៏មិនជោគជ័យដែរបើលេងសុទ្ធតែអ៊ីចឹងៗ»។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃ សុក្រទី១៦ ខែមេសា ឆ្នាំ ២០២១ស្ថិត នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹង មានជ័យ ទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងនគរបាលខណ្ឌមានជ័យ ចុះ ទៅចាប់វាយខ្នោះ ១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។ ២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។ ៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ ។ ការចុះចាប់នេះ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរស់នៅជិតកន្លែងផឹកស៊ីខាងលើ ដោយពួកគាត់ឃើញមានការផឹកស៊ីឡូឡានិងរាំច្រៀងប៉ាតម្សៅគ្នានិងមានឡាយតាមហ្វេសបុកដែលនេះគឺជាការបំពានបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញដាក់ចេញទាំងស្រុង៕

ប្រភព៖ ក្រសួងព័ត៌មាន