ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានផ្ទេរជាបណ្តោះអាសន្ននូវផ្សារបន្លែបោះដុំផ្សារដើមគរទៅលក់នៅ ផ្សារកួរស្រូវនៅផ្លូវជាតិ លេខ២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានបិទផ្សារដើមគរជាបណ្តោះអាសន្ន ដោយសារមានការរីករាលដាលជំងឺកូវីដ-១៩ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតផ្សារថ្មីមួយទៀត ជាបណ្តោះអាសន្ននៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដើម្បីបញ្ជូនបន្លែបង្ការនានាទៅលក់នៅផ្សារនោះ ដើម្បីបែងចែកបន្លែ បង្ការ ជំនួសផ្សារដើមគរដែលត្រូវបានបិទ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា ផ្សារដើមគរគឺជាផ្សារបន្លែដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបិទដោយសារតែការរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលបានធ្វើឱ្យអាជីវកររាប់រយនាក់បានឆ្លងនូវជំងឺនេះ ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការបិទជា បណ្តោះអាសន្ន មកដល់ពេលនេះ។

ផ្សារបន្លែថ្មីជាបណ្តោះអាសន្ននេះ មានទីតាំងនៅតាមផ្លូវជាតិលេខ២ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែល មានចម្ងាយ ប្រមាណជាជាង១៤គីឡូម៉ែត្រពីផ្សារដើមគរ រាជធានីភ្នំពេញ។ មកដល់ពេលនេះមានបន្លែបង្ការមួយចំនួនបានដឹកចូលទៅក្នុង ទីផ្សារនេះហើយដែរ ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងប្រជាពលរដ្ឋមួយចំនួន នៅតាមបណ្ដាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន