គន្លឹះដែលអ្នកត្រូវចងចាំនៅពេលដែលអ្នកអស់សង្ឃឹម

511

ធ្លាប់បាក់ទឹកចិត្តនិងអស់សង្ឃឹមដែរឬទេ? នៅពេលដែលអ្នកអស់សង្ឃឹមវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្វីៗគឺកាន់តែអាក្រក់ទៅៗ ដោយសារអ្នកមិនមានភាពជាក់លើខ្លួនឯង មិនហ៊ានប្រឈមមុខនឹងបញ្ហា​​ មិនចង់បន្តទៅមុខ ឬអាចថាមិនចង់ធ្វើអ្វីទាំងអស់ ហើយក៏អាចនឹងចង់បោះបង់អ្វីដែលធ្លាប់ចង់បាន និងចង់ធ្វើផងដែរ។ តែអ្នកត្រូវចងចាំថា អ្នកមិនត្រូវគិតលើចំណុចអវិជ្ជមានទាំងនោះទេ អ្នកត្រូវជម្នះរឿងទាំងអស់នោះ ដើម្បីបោះជំហានទៅរកអ្វីដែលល្អ និងថ្មីៗ ធ្វើឲ្យអ្នកមានស្នាមញញឹម និងធ្វើអ្វីដែលល្អ ដើម្បីសម្រេចគោលបំណងរបស់អ្នក។ តើអ្នកត្រូវធ្វើដូចម្តេច?

១. ចងចាំថាជីវិតតែងតែផ្លាស់ប្តូរ ហើយអ្វីៗក៏អាចប្រសើរឡើង នៅពេលមានបញ្ហាវាអាចមានអារម្មណ៍ថាអ្វីៗនឹងកាន់តែអាក្រក់ទៅៗ តែប្រសិនបើអ្នករក្សាភាពជឿជាក់ ហើយឆ្លើយតបទៅនឹងស្ថានការណ៍ដោយសកម្មភាពវិជ្ជមាន វានឹងធ្វើឲ្យអ្វីៗអាចប្រសើរឡើង។ ពេលខ្លះអ្វីដែលយើងត្រូវធ្វើគឺគ្រាន់តែទុកឲ្យពេលវេលា និងទប់នូវអារម្មណ៍ដើម្បីកុំឱ្យធ្វើហួសកំរិត និងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ អ្នកត្រូវគិតថា ប្រសិនបើអ្នកចេះផ្លាស់ប្តូរ ទទួលយកការពិត ពង្រឹងនូវអ្វីដែលខ្វះខាត ចេះលើកទឹកចិត្ត និងធ្វើអ្វីៗដែលល្អនោះ វានឹងធ្វើឲ្យជីវិតអ្នកនឹងប្រសើរឡើងជាក់ជាមិនខាន។

២. ត្រូវចេះតស៊ូ​ ដើម្បីឆ្ពោះទៅរកគោលដៅ វេលាដ៏លំបាក វានឹងធ្វើឲ្យអ្នកមានការភ័យខ្លាច ការសង្ស័យខ្លួនឯង និងមានគំនិតទុទិដ្ឋិនិយមដែលគិតថា យើងមិនអាចយកឈ្នះឧបសគ្គបាន។ តែអ្នកមិនត្រូវមានអារម្មណ៍ទាំងនោះទេ អ្វីដែលអ្នកគួរធ្វើគឺអ្នកត្រូវជម្នះនូវឧបសគ្គ តស៊ូ ហ៊ានប្រឈមនឹងបញ្ហាដែលនៅចំពោះមុខ និងទទួលយកការពិត និងបន្តក្នុងការប្រឹងប្រែង ដើម្បីធ្វើឲ្យអ្នកទៅដល់គោលដៅដែលចង់បាន។

៣. ចងចាំថាអ្វីៗមិនអាក្រក់ដូចដែលអ្នកគិតនោះទេ អ្នកត្រូវចាំថាបញ្ហារបស់អ្នកគ្រាន់តែជាផ្នែកមួយនៃអ្វីគ្រប់យ៉ាងដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់អ្នកប៉ុណ្ណោះ ហើយមិនត្រូវអនុញ្ញាតឱ្យវាមករារាំងដោយធ្វើឲ្យអ្នកមានការព្រួយបារម្ភ ការថប់អារម្មណ៍ និងគិតច្រើននោះឡើយ។ តែអ្នកត្រូវគិតថា ការពិតដែលថាយើងនៅមានជីវិតនៅតែមានក្តីសង្ឃឹម ហើយអ្វីៗគឺអាចវិលត្រលប់មកវិញបានយ៉ាងល្អ។

៤. ត្រូវចងចាំថាទោះមានឧបសគ្គអ្វីក៏ដោយ អ្នកនឹងអាចធ្វើវាឲ្យបាន អ្នកត្រូវចងចាំថា ប្រសិនបើអ្នកព្យាយាម តស៊ូ គិតអ្វីៗក្នុងផ្លូវវិជ្ជមាន និងមានក្តីសង្ឃឹមសម្រាប់ខ្លួនឯងនោះ ទោះបីមានបញ្ហា​​ និងឧបសគ្គអ្វីក៏ដោយ ក៏អ្នកនូវតែអាចឆ្លងកាត់វាបាន។ ហើយមិនថាជីវិតជួបភាពភ័យខ្លាច  និងលំបាកយ៉ាងណាក៏ដោយ  ប្រសិនបើអ្នករក្សាក្នុងការធ្វើវា អ្នកពិតជាអាចធ្វើបាន។

៥. ត្រូវចាំថា នៅមានអ្នកចាំលើកទឹកចិត្ត ហើយក៏ចង់ឃើញអ្នកក្លាយជាមនុស្សរឹងមាំ​នៅពេលដែលអ្នកអស់សង្ឃឹម អ្នកត្រូវចាំថាអ្នកនៅមាន ឪពុកម្តាយ បងប្អូន មិត្តភក្តិនៅចាំលើកចិត្ត ផ្តល់ស្នាមញញឹមផ្តល់យោបល់ និងអាចបង្ហាញផ្លូវឲ្យអ្នកទៅរកអ្វីដែលថ្មីៗ ល្អៗ និងអាចធ្វើឲ្យអ្នកមានក្តីសង្ឃឹមឡើងវិញ។ តែអ្វីដែលសំខាន់នោះគឺអ្នកត្រូវតែផ្តល់កម្លាំងចិត្តដល់ខ្លួនឯង ធ្វើជាមនុស្សរឹងមាំ​ ចេះរកដំណោះស្រាយ និងហ៊ានប្រឈមនឹងបញ្ហា  ទើបធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមិនខ្លាចនឹងបញ្ហា ក្លាយជាមនុស្សមានតម្លៃ និងអាចធ្វើឲ្យអ្នកដែលនៅជុំវិញមានក្តីសង្ឃឹមពេលដែលឃើញអ្នកជាមនុស្សម្នាក់ដែលចេះផ្តល់ក្តីសង្ឃឹមឲ្យខ្លួនឯង ហើយនឹងធ្វើឲ្យពួកគេមានក្តីសុខជាមួយអ្នកផងដែរ៕

៦. មិនបោះបង់ខ្លួនឯង អ្នកអាចបោះបង់អ្វីផ្សេងបានតែអ្នកមិនអាចបោះបង់ខ្លួនឯងចោលជាដាច់ខាត់ ជីវិតអ្នក ខ្លួនរបស់អ្នកមានតម្លៃបំផុតជាងអ្វីក្នុងពិភពលោកមួយនេះ មានជីវិត មានដង្ហើម និងមានក្តីសង្ឃឹម អ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាងឲ្យតែអ្នកតាំងចិត្តឲ្យមុតមាំ ហើយរៀនធ្វើវាឲ្យអស់ពីសមត្ថភាព។