ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៩ខែ មេសានេះ បានដឹកនាំអាជ្ញាធរខណ្ឌសែន សុខ និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យទីតាំងជាក់ ស្ដែង ដើម្បីជំរុញឱ្យការងារនៃការរៀបចំទីតាំងសម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ទាំង២ទីតាំងឱ្យបានលឿន និងសមស្របជាទីតាំងសម្រាប់សំរាកព្យាបាលជម្ងឺ ។

ទីតាំងទាំង២ខាងលើនេះ មានទីតាំងនៅជិតផ្សារអ៊ីអន២ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះ អគារវិមានពិភពថ្មីសែនសុខ អាចដាក់គ្រែបានប្រមាណជា៨០០គ្រែនិងអគារ សំរាប់ហូបការ ដឹព្រីមៀរ ដាក់បានប្រមាណ២០០០គ្រែ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឃួង ស្រេង បានណែនាំទៅ អាជ្ញាធរខណ្ឌសែន សុខ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចេះការពារខ្លួនឯង កុំឲ្យឆ្លងកូវីដ-១៩ ពោលគឺ នៅពេលដែលក្រុមការងារបញ្ជូនអ្នកជំងឺកូវីដ-១៩ មកកាន់ទីតាំងនេះ សូមរក្សាគម្លាតនិងការពារខ្លួនឲ្យបានហ្មត់ចត់បំផុត ទៅតាមការណែនាំគ្រប់យ៉ាងរបស់ក្រសួងសុខាភិបាល។

ទីតាំងទាំង២ខាងលើនេះ បានរៀបចំគ្រែសម្រាប់អ្នកជំងឺរួចរាល់ហើយ ពោលគឺនៅតែក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធបញ្ជូនអ្នកជំងឺកូវីដ-១៩មកសម្រាកព្យាបាលតែប៉ុណ្ណោះ។

គួរបញ្ជាក់ថាក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីរហូតដល់ ៦២៤នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៤៨នាក់បានជាសះស្បើយ។ អ្នកឆ្លងទាំង៦២៤នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន៤៦៥នាក់, ខេត្តកំពង់ចាម ១នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តស្វាយរៀង ៣នាក់, ខេត្តតាកែវ ១០នាក់ និង ខេត្តព្រះសីហនុ ១៤៤នាក់៕

ប្រភព៖ ក្រសួងព័ត៌មាន