ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២០ខែមេសា ឆ្នាំ២០២១នេះ អញ្ជើញចុះពិនិត្យមស្ថានភាពភូមិសាស្ត្រ នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីមេបញ្ជាការ-មេបញ្ជាការរងអាវុធហត្ថខេត្ត កងពលថ្មើជើងលេខ៥១ យោធាខេត្ត ស្នងការរងនគរបាលខេត្ត អាជ្ញាធរក្រុងប៉ោយប៉ែត និងកម្លាំងវរព្រំដែនឈរជើងនៅទីតាំងនោះ វរការពារព្រំដែនគោក ៨៩១ និង៩១១។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានដាក់ បទបញ្ជាបន្ថែមដល់កម្លាំងចម្រុះមាននគរបាលការពារព្រំដែន អាវុធហត្ថ យោធា ទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានតឹងរឹង ធានាការពារការរីករាលដាលនៃជំងឺកូវីដ១៩។
ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។
បន្ទាប់ពីការអញ្ជើញពិនិត្យមើលភូមិសាស្ត្រព្រំដែន ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានអញ្ជើញផ្តល់អំណោយឧបត្ថម្ភរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់កងកម្លាំងទាំងបីប្រភេទ ដែលបានកំពុងឈរជើងក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត មានចំនួន៦ អង្គភាព មានមី ទឹកបរិសុទ្ធ នឹងទឹកក្រូច នៅតាមគោលដៅនីមួយៗផងដែរ៕
ប្រភព៖ សៅ នៅ