ស្ទឹងត្រែង ៖ ក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យនិងបង្ការជំងឺកូវីដ១៩ នៃមន្ទីរសុខាភិបាលខេត្តស្ទឹង ត្រែង បាននាំខ្លួនក្រុមគ្រួសារសេន លីដា ដែលមានសមាជិក៣នាក់នៅភូមិព្រៃជរ ឃុំសេដា ស្រុកដំបែរ ខេត្តត្បូងឃ្មុំ យកមកធ្វើចត្តាឡីស័កនៅអគារចត្តាឡីស័កក្នុងមណ្ឌលសាលាពេទ្យភូមិភាគ ក្នុងភូមិស្រែពោធិ សង្កាត់ស្រែ ឫស្សី ក្រុង-ខេត្តស្ទឹងត្រែង ។
ក្នុងសកម្មភាពនាំបុគ្គលសង្ស័យមកធ្វើចត្តាឡីស័កកាលពីថ្ងៃទី១៩ខែមេសាកន្លងទៅ លោកវេជ្ជបណ្ឌិត ទន.វុទ្ធី អនុប្រធានមន្ទីរសុខា ភិបាលខេត្ត និងជាប្រធានក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យនិងបង្ការជម្ងឺកូវីដ១៩បានបញ្ជាក់ថា នេះជាការអនុវត្តវិធានការសុខាភិបាលយ៉ាងម៉ឺងម៉ាត់ ព្រោះក្រុមគ្រួសារមួយនេះបានមកពីខេត្តត្បូងឃុំជាខេត្តមានបញ្ហាប្រឈមនឹងជម្ងឺកូវីដ ១៩ ។
លោកវេជ្ជបណ្ឌិតបន្តថាគ្រួសារមួយនេះត្រូវមន្ត្រីជំនាញផ្នែកសុខាភិបាលយកសំណាក និងឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កចំនូន ១៤ ថ្ងៃទើបឱ្យវិលទៅមូលដ្ឋានវិញប្រសិនបើមានសុខភាពល្អធម្មតា ។
លោក ជា ម៉ាលី ចៅ សង្កាត់សាមគ្គីក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖គ្រូសារលោកសេនលីដា មានប្រពន្ធឈ្មោះសែនសម្រស់ និងកូន ឈ្មោះលីវ៉ាតាអាយុ១១ឆ្នាំ ពិតជារស់នៅខេត្តត្បូងឃ្មុំពិតប្រាកដមែន។
លោកចៅសង្កាត់បន្តថា៖ក្រុមគ្រួសារនេះមកស្នាក់នៅចំណុចព្រៃចាស់ ក្នុងភូមិខាំផាន់សង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៧ មេសា មកធ្វើចំការនៅតំបន់នេះទៅវិញទៅមក ក៏មិនទាន់បានធ្វើលិខិតផ្លាស់ទីលំនៅដែរ។
គួរំលឹកថា៖ បើតាមវិធានការរដ្ឋបាលនៃច្បាប់បង្ការជម្ងឺកូវី១៩គ្រួសារមួយនេះត្រូវទទួលទោសរដ្ឋបាលនិងផាកពិន័យជាប្រាក់ថែមទៀត ព្រោះពួកគាត់បានលួចធ្វើដំណើរដោយម៉ូតូ ជិះចូលតាមច្រកត្បូងខ្លា តាមផ្លូវលំជួរមាត់ទន្លេមេគង្គ វាងបារ៉ាសសមត្ថកិច្ចព្រំប្រទល់ក្រចេះនិង ស្ទឹងត្រែង។
សូមបញ្ជាក់ថា៖អាជ្ញាធរមានសមត្ថកិច្ចរវាងខេត្តនីមួយៗកំពុងរឹតបន្តឹងការធ្វើចរាចរណ៍ឆ្លងចេញចូលពីខេត្តមួយទៅខេត្តមួយក្នុងរយៈពេល៨ថ្ងៃបន្ថែមទៀតចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៨មេសាឆ្នាំ២០២១៕
ប្រភព៖ ក្រសួងព័ត៌មាន