ទឹកចិត្តរបស់លោកឧកញ៉ា ឡោ ជិនហេង ជួយឧបត្ថម្ភដល់គ្រួសារខ្វះខាត និងជាប់ចត្តាឡីស័ក ចំនួន ១០២ គ្រួសារ ក្នុងរដូវកាលបិទខ្ទប់ រាជធានី និងខេត្តកណ្តាល

557

ភ្នំពេញ៖ ខណៈប្រទេសជាតិយើងបច្ចប្បន្នកំពុងជួបប្រទះនូវគ្រោះអាសន្នរោគ ដែលហៅថាមេរោគកូវីដ១៩ កំពុងរាតត្បាតសហគមន៍ យើងឃើញថា មានសប្បុរសជនខ្មែរជាច្រើនរូបបានចេញមុខជួយឧបត្ថម្ភដល់ រាជរដ្ឋាភិបាលកម្ពុជា ទាំងថវិការ សម្ភារៈបរិក្ខា រួមនិងគ្រឿងឧបភោគបរិភោគ ហើយសប្បុរសជនខ្លះទៀតបានជួយឧបត្ថម្ភជាអារហារ ម៉ាស់ និងទឹកអាល់កុល ដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាត និងប្រជាពលរដ្ឋដែលកំពុងជាប់ចត្តាឡីស័ក។

ជាក់ស្តែងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះផងដែរ លោកឧកញ៉ា ឡោ ជិនហេង បានជួយឧបត្ថម្ភដល់គ្រួសារខ្វះខាតចំនួន ៨០គ្រួសារ និងអ្នកជាប់ចត្តាឡីស័កចំនួន ២២គ្រួសារ ដែលស្ថិត នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោកឧកញ៉ា ឡោ ជិនហេង បានថ្លែងថា៖​ បើទោះបីទាំងនេះជាអំណោយបន្តិចបន្តួចក្តី ប៉ុន្តែជាទឹកចិត្តចែករំលែកដោយក្តីអាណិតស្រឡាញ់ ក្នុងនាមជាកូនខ្មែរដូចគ្នា យើងត្រូវតែជួយគ្នាក្នុងគ្រាមានអាសន្នអន់ក្រ ហើយអំណោយទាំងនេះ នឹងអាចជួយសម្រួលដល់ជីវភាពរបស់បងប្អូនដែលកំពុងជួបការលំបាកនៅពេលនេះបានមួយរយៈ ហើយសង្ឃឹមថា នឹងមានបងប្អូនសប្បុរសជននានា ជួយឧបត្ថម្ភបន្តទៀត ដល់បងប្អូនខ្មែរដែលកំពុងជួបប្រទះជីវភាពខ្វះខាត ខណៈប្រទេសជាតិយើងស្ថិតក្នុងបម្រាមគោចរ ការបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។

សកម្មភាពសប្បុរសធម៌នេះ ប្រជាពលរដ្ឋសូមកោតសរសើរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវទឹកចិត្តរបស់លោកឧកញ៉ា ដែលបានជួយសម្រួលដល់ទុក្ខលំបាករបស់គាត់ ក៏ដូចជាចូលរួមចំណែកជួយសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដូចពាក្យចាស់ថា៖ “ជួយគ្នាក្នុងគ្រាមានអាសន្នអន់ក្រ” ទើបជាបុគ្គលល្អពិត ដែលសង្គមជាតិត្រូវការ។

សូមបញ្ជាក់ថា៖ អំណោយឧបត្ថម្ភទាំងនោះរួមមាន ក្នុងមួយគ្រួសារទទួលបានអង្ករ១៥គីឡូ ទឹកត្រី២ដប ទឹកស៊ីអ៊ីវ ២ដប ត្រីខ២កំប៉ុង ម៉ី ៥កញ្ចប់ ម៉ាស់២០ និងអាល់កុល ១ដបតូច៕