ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំស្តង់សម្រាប់លក់ ទំនិញម្ហូបអាហារជូនប្រជា ពលរដ្ឋនៅតំបន់ក្រហម ដើម្បីងាយស្រួលក្នុងការទិញម្ហូប អាហារសម្រាប់ជីវភាពប្រចាំ ថ្ងៃ បើទោះបីការដឹកជញ្ជូនស្បៀងតាមរថយន្ត បានទៅ ដល់តំបន់ក្រហមនោះក៏ដោយ ។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជាអនុរដ្ឋលេ ខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា រាជ រដ្ឋាភិបាលកម្ពុជាបានគិតគូរ និងយកចិត្តទុកដាក់ជាទីបំផុត ដោយបានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ធ្វើយ៉ាងណាជួយផ្គត់ផ្គង់ស្បៀង និងគ្រឿងឧប ភោគបរិភោគចាំបាច់ ជូនប្រជា ពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហម ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះ ។
ឯកឧត្តមបន្តថា ដោយក្នុងជំហានដំបូងក្រសួង បានដាក់ឱ្យមានរថយន្តជិះល្បាតលក់ស្បៀងអាហារតាមមុខផ្ទះក្នុងតំបន់ក្រហម ហើយបន្ទាប់មក ក្រសួងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅទីផ្សារអនឡាញ សម្រាប់លក់ស្បៀងអាហារជូនប្រជាពលរដ្ឋនិងដឹកជញ្ជូនដល់មុខផ្ទះអ្នកទិញតែម្តង ។
ឯកឧត្តម បញ្ជាក់ថា រហូត មកដល់ពេលនេះ ក្រសួងបានរៀបចំបង្កើតស្តង់លក់ស្បៀង អាហារក្នុងតំបន់ក្រហម មានចំនួន៨ទីតាំងរួមមាន ៖ ១,មុខសកលវិទ្យាល័យ CUS ស្ទឹងមានជ័យ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ១ ។ ២, ច្រកស្ថានីយប្រេង PTT ផ្លូវស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ។ ៣, ជិតច្រមុះជ្រូកស្ទឹងមានជ័យទល់មុខកងរាជអាវុធហត្ថ ខណ្ឌមានជ័យ ។ ៤, ទល់មុខផ្សារខេម៉ល ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ។ ៥, មុខធនាគារកាណាឌីយ៉ា ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ ។ ៦,ទល់មុខក្រុមហ៊ុនហុងដា ផ្លូវវេងស្រេង ។៧, មុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ និង៨, កែងស្តុបបឹងសា ឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ទីតាំងទាំង៨កន្លែងនេះ យើងបានដាក់លក់នូវទំនិញដែលជាទំនិញស្ងួត បានន័យថាយើងមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ទឹកសុទ្ធ ហើយបន្តិចទៀតយើងដាក់បញ្ចូលត្រីងៀត ឆៃពៅ-ល- នេះជាទីតាំងដែលមាននៅក្នុងតំបន់ក្រហម ហើយខ្ញុំសូមជម្រាបថា ការងារអាទិភាពរបស់ក្រសួងពាណិជ្ជកម្ម គឺជាគោល ដៅតំបន់ក្រហមនេះ ដោយនៅក្នុងតំបន់ក្រហមនេះក្រសួងពាណិជ្ជកម្ម មានភារកិច្ចសម្របសម្រួលលក់ ហើយនិងសម្របសម្រួលជាមួយអាជ្ញាធរ ឃុំ សង្កាត់ ដើម្បីបញ្ជូនទំនិញទាំងអស់នោះ ទៅដល់ដៃរបស់ប្រជា ពលរដ្ឋនៅមុខផ្ទះ » ។
សូមបញ្ជាក់ថា ដោយសារប្រជាពលរដ្ឋក្នុងតំបន់ក្រហមមិនអាចចេញទៅក្រៅបាន ដោយត្រូវគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល ដូច្នេះទើបក្រសួងពាណិជ្ជកម្មបានសហការជាមួយអាជ្ញាធរមូល ដ្ឋាន ដើម្បីជួយសម្រប សម្រួលដល់ការទិញ-លក់ និងជញ្ជូនទំនិញដាក់ឱ្យដល់ផ្ទះ ៕
ប្រភព៖ក្រសួងព័ត៌មាន