(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួកចំនួន ៦នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធជនជាតិចិនពីខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញ ផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាលពេលកំពុងទប់ស្កាត់ជំងឺកូវីដ១៩ នឹងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

សេចក្ដីរាយការណ៍ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះថា លោកផ្កាយពីរ ស៊ុំ ពៅ និងបក្ខពួកចំនួន៦នាក់នោះ ត្រូវបានបញ្ជូនពីអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីធ្វើការសួរនាំ និងត្រៀមបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ដ នៅថ្ងៃទី២៣ ខែមេសា នេះ។

មន្ដ្រីនគរបាលបានបញ្ជាក់ថា ការឃាត់ខ្លួនឧត្តមសេនីយ៍ទោម្នាក់នេះ និងបក្ខពួក បានធ្វើឡើងនៅវេលាម៉ោង៣៖០០នាទីទាបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅខាងមុខសណ្ឋាគារ TTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដែលបំពានបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ មិនឲ្យធ្វើដំណើរចេញ-ចូល ឆ្លងពីរាជធានីភ្នំពេញ ទៅខេត្តទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចដើរល្បាតបានប្រទះឃើញរថយន្តសង្ស័យចំនួន ៤គ្រឿង នៅខាងមុខសណ្ឋាគារ TTP1 ក្រុងបាវិត និងកំពុងនាំជនជាតិចិនឡើងចូលក្នុងរថយន្ត ក៏ឃាត់សាកសួរទើបបែកធ្លាយរឿងរត់ពន្ធដឹកជនជាតិចិន ចេញពីខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញ ទើបចាប់ឃាត់ខ្លួនតែម្តង។

ពាក់ព័ន្ធករណីនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ ចំពោះមន្ដ្រីយោធាផ្កាយពីរ ស៊ុំ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារ ស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ ក្រោយមន្ដ្រីយោធាជាន់ខ្ពស់រូបនេះ ត្រូវបានបង្ក្រាបពាក់ព័ន្ធការរត់ពន្ធជនជាតិចិនជិត ៣០នាក់ ពីស្វាយរៀង ទៅរាជធានីភ្នំពេញ។

យោងតាមសំឡេងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គម បានបញ្ជាក់ថា ករណីនេះនាយឧត្តមសេនីយ៍ នឹងអនុវត្តតាមវិធានការច្បាប់ដោយមិនការពារនោះឡើយ គឺអនុវត្តទៅតាមបទ បញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងបើកផ្លូវឲ្យសមត្ថកិច្ចខេត្តស្វាយរៀង អនុវត្តន៍ទៅតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តកែប និងខេត្តកំពត ក៏បានបង្ក្រាបការរត់ពន្ធនាំជនជាតិវៀតណាមចំនួន ៧នាក់ ពីខេត្តព្រះសីហនុ ទៅវៀតណាមផងដែរ ក្នុងនោះជនជាតិខ្មែរចំនួន៣នាក់ ក៏ត្រូវបានចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់៕