ស្ទឹងត្រែង ៖ ត្រីផ្សោតដ៏ធំ១ក្បាល មានទម្ងន់ជាង១០០គីឡូក្រាមប្រវែងជាង២ម៉ែត្របានងាប់នៅតំបន់ខាងក្រោម អន្លង់ផ្សោតព្រះរំកិល ជាកន្លែងតំបន់រមណីយដ្ឋានទេសចរណ៍ ស្ថិតនៅភូមិ ឃុំព្រះរំកិល ស្រុកបុរីអូស្វាយខេត្តស្ទឹងត្រែង ។

ក្នុងសកម្មភាពត្រួតពិនិត្យសំណាកត្រីផ្សោតកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ដែលបានងាប់កន្លងមកនេះ លោក ដនបាន់ ឆ្មាំទន្លេ ប្រចាំការនៅភូមិអន្លង់ស្វាយឃុំព្រះរំកិល បានបញ្ជាក់ថាករណី នេះ ប្រជាពលរដ្ឋបាននាំគ្នាសោកស្តាយ ព្រោះវាបាត់បង់សត្វផ្សោតដ៏កម្រអាចធ្វើឱ្យថមថយបរិមាណថ្ងៃអនាគតអាចបាត់បង់ទាំងស្រុង ។

ប្រជាពលរដ្ឋនៅតំបន់នោះបានឱ្យដឹងថា តាមការពិនិត្យជាក់ស្ដែង ត្រីផ្សោតដ៏ធំមួយក្បាលនេះវាបានងាប់ ប្រហែលជា០៣ថ្ងៃមុនមកហើយ ព្រោះស្ថានភាពនៃការងាប់គឺដោយសាររងផលប៉ះពាល់ពីការលួចលាក់ ធ្វើនេសាទពេលយប់ (ការប្រើប្រាស់ឧបករណ៍ឆក់) និងគួបផ្សំ ទៅនឹងស្ថានភាពអាកាសធាតុមានការប្រែប្រួល ទឹករាក់ប្រឈមនឹងការរស់នៅរបស់វាផង។

លោក វង្សសាវឿននាយរងខណ្ឌជលផល បានបញ្ជាក់ថា៖សត្វផ្សោតមើលមិនដឹងញីឬឈ្មោលនោះទេ ព្រោះវាងាប់យូរ រលួយខ្លាំងពេក ហើយ ក្រុមមន្ត្រីជំនាញ របស់រដ្ឋបាលជលផលខេត្ត និងបុគ្គលិកអង្គការWWF បានធ្វើសំណាកទៅតាមបច្ចេកទេសនិងកប់ទុក នៅកន្លែងស្នាក់ការឆ្មាំតែម្តងដើម្បីទុកយកឆ្អឹងវាយកមកដាក់ក្នុងកញ្ចក់សម្រាប់ឱ្យភ្ញៀវទស្សនានៅពេលក្រោយ។

លោកផយវណ្ណា ប្រជាសហគមន៍រមណីយដ្ឋានព្រះរំកិល បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំត្រីផ្សោតតែងតែស្លាប់ជាបន្តបន្ទាប់ ចំណែកខាង (អង្គការ WWF)យកសំណាកត្រីផ្សោតទៅពិនិត្យរកមូលហេតុ តែមិនបានចេញជាលទ្ធផលយ៉ាងណា នោះទេហើយយុទ្ធសាស្ត្រការការពារមិនទាន់មានប្រសិទ្ធភាព នៅឡើយ។

លោកស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់រិះរកយន្តការធ្វើការអភិរក្សឱ្យមានប្រសិទ្ធភាពនិងកុំទម្លាក់កំហុសទៅលើអាកាសធាតុប្រែប្រួល ព្រោះមានករណីខ្លះក៍ត្រីផ្សោតនេះងាប់ដោយសារតែមានអ្នកនេសាទប្រើប្រាស់ឧបករណ៍ល្មើស នៅពេលយប់។

សូមបញ្ចាក់ថា ការងាប់សត្វផ្សោតលើនេះ មន្ត្រីខណ្ឌរដ្ឋបាលជលផល សហការជាមួយអង្គការ (WWF )បានចុះទៅពិនិត្យ និងយកសាកសពសត្វផ្សោត ទៅកប់នៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ នេះជាការងាប់ត្រីផ្សោតលើកទី២ហើយ នៅក្នុងឆ្នាំ២០២១នេះ ព្រោះកាលពីខែកុម្ភៈ កន្លងមក មានកូនសត្វផ្សោត១ក្បាលទម្ងន់ជាង១០គីឡូក្រាម បានងាប់រួចមកហើយដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន