ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នលើទីតាំងមួយចំនួននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតរយៈពេល១៤ថ្ងៃ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើជនជាតិឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៣ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ភូមិសាស្ត្រក្រុងប៉ោយប៉ែតមួយចំនួនដែលត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន មិនឲ្យធ្វើដំណើរចេញ-ចូល ចាប់ពីផ្លូវខាងកើតវត្តស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ឡើងមកផ្លូវលេខ៥ បន្តទៅផ្លូវជាតិលេខ៥៨ ឆ្ពោះទៅផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត រហូតដល់ព្រំដែនកម្ពុជា.ថៃ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោង០ និង០០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ កុំឲ្យឆ្លងរីករាលដាលទៅតំបន់ផ្សេងទៀត។
ដោយឡែកចំណុចក្រហម ដែលត្រូវធ្វើការប្រុងប្រយ័ត្នខ្ពស់បំផុតនោះ មានចំនួន៣ភូមិ មានភូមិក្បាលស្ពាន១, ក្បាលស្ពាន២, និងភូមិសាមគ្គីមានជ័យ ត្រូវបានលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ប្រាប់ថា អ្នកពាក់ព័ន្ធមួយចំនួនជាមួយជនជាតិឥណ្ឌូនេស៊ី ដែលមានវិជ្ជាមានកូវីដ១៩នោះ ត្រូវយកសំណាកទៅពិនិត្យ និងទុកនៅមួយកន្លែង ហើយចំពោះប្រជាពលរដ្ឋវិញ ត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះ បន្ទប់ជួល ឬអាគារស្នាក់នៅ ដោយខ្លួនឯង មិនអនុញ្ញាតិឲ្យចេញក្រៅតំបន់ក្រហមឡើយ។
លោកអភិបាលក្រុង អំពាវនាវដល់ប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ធ្វើការអនាម័យខ្លួនឯង តាមក្រសួងសុខាភិបាលបានណែនាំក៏ដូចជាសេចក្តីជូនដំណឹង និងការណែនាំរបស់អាជ្ញាធរសមត្ថកិច្ចផងដែរ បើមិនចាំបាច់ខ្លាំងទេ សូមកុំចេញក្រៅផ្ទះ ត្រូវអនុវត្តវិធានការ៣កុំ ៣ការពារផងដែរ៕
ប្រភព៖សៅនៅ