ក្រសួងទេសចរណ៍ បានណែនាំឱ្យអាជីវកម្មអាហារដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលទាំងអស់ ត្រូវអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ។
សេចក្តីណែនាំរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា សេវា កម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវពង្រឹងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាងមុននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជាវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍។
សេចក្តីណែនាំថ្មីនេះ ធ្វើឡើងក្រោយរាជរដ្ឋាភិបាលសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ និងតម្រូវឱ្យសេវាទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ដែលជាសេវាកម្មគាំទ្រសំខាន់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាសាធារណជនទូទៅនោះប្រតិបត្តិការឡើងវិញ។
ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា គោលដៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ត្រូវតែពង្រឹងបន្ថែមទៀតនូវការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងរាល់វិធានការជាធរមានចំពោះអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ដែលកំពុងធ្វើប្រតិបត្តិការលក់អាហារវេចខ្ចប់។ មន្ទីរទេសចរណ៍ទាំងរាជធានី ខេត្តទាំងពីរនេះ ត្រូវសហការជាមួយរដ្ឋបាលរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋាន ណែនាំបន្តដល់គ្រប់មូលដ្ឋានអាជីវកម្មខាងលើតាមដានត្រួតពិនិត្យរាល់បុគ្គលិករបស់ខ្លួន ដែលកំពុងជាប់កាតព្វកិច្ចធ្វើចត្តាឡីស័ក និងតម្រូវឱ្យអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មខាងលើ ត្រូវជូនដំណឹងមកអាជ្ញាធរមូលដ្ឋាននូវរាល់ករណីសង្ស័យចំពោះភ្ញៀវដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បន្ទាប់ពីស្កេន QR Code ទប់ស្កាត់កូវីដ-១៩។ ក្នុងគ្រប់មូលដ្ឋានអាជីវកម្មខកខានមិនបានអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវ មន្ទីរទេសចរណ៍ ត្រូវស្នើសុំការសហការពីអាជ្ញាធរមូលដ្ឋានបញ្ឈប់ប្រតិបត្តិការអាជីវកម្មនោះជាដាច់ខាត និងបន្តនីតិវិធីស្នើសុំការអនុវត្តវិធានការច្បាប់ជាធរមាន ពិសេសច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ឯកឧត្តម បានបន្ថែមថា ចំពោះគោលដៅផ្សេងទៀតនៃខេត្តកណ្តាល ក្រៅពីក្រុងតាខ្មៅ និងខេត្តផ្សេងទៀត ក៏ត្រូវពង្រឹងបន្ថែមទៀតនូវការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ចំពោះអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ឱ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ផងដែរ៕
ប្រភព៖ក្រសួងព័ត៌មាន