ភ្នំពេញ ៖នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ប្រសិនបើអ្នកលក់ម៉ាស់ (mask) នៅកម្ពុជាឡើងថ្លៃ នឹងជាប់បទមជ្ឈិម គឺជាប្រភេទបទល្មើស ដែលកម្រិតទោស អតិបរមា គឺជាទោសជាប់ពន្ធនាគារ ចាប់ពី ៦ថ្ងៃ ដល់៥ឆ្នាំ។

ខណៈមានអ្នកលក់ម៉ាស់មួយចំនួន តំឡើងថ្លៃខុសពីធម្មតា ក្រោយពលរដ្ឋសម្រុក ទិញពាក់ដើម្បី២០២០  ការពារជំងឺ រលាកសួតប្រភេទថ្មី បង្កឡើងដោយវីរុសកូរ៉ូណា ។

លោក ផៃ ស៊ីផាន ថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី《វឌ្ឍនភាពក្រសួង បរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា》។

យោងតាមសារព័ត៌មានរបស់ចិន បានចេញផ្សាយនៅ ថ្ងៃទី២៧ មករា នេះ បានឲ្យដឹង ថា ជំងឺរលាកសួត ចម្លងដោយវីរុសកូរ៉ូណា ប្រភេទថ្មី បានសម្លាប់មនុស្សកើន ដល់៨០ នាក់ ចំណែកអ្នកឆ្លងវីរុសដ៏សាហាវនេះ នៅប្រទេសចិន បានកើនឡើង រហូតដល់ ២៧៦១នាក់ ខណៈ ប្រមាណ៣៧ករណីផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួន រួមមាន ៖ អាមេរិក ,អូស្ត្រាលី , កាណាដា ,បារាំង ,នេប៉ាល់ ,ជប៉ុន ,សិង្ហបុរី ,កូរ៉េខាងត្បូង ,តៃវ៉ាន់ ,ថៃ ,វៀតណាម និងម៉ាឡេស៊ី ខណៈកម្ពុជាមិនមានជំងឺប្រភេទថ្មីនេះទេ៕