កោះកុង៖ អាជ្ញាធរខេត្ត មន្ត្រីទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងសមត្ថកិច្ចអន្តោប្រវេសន៍ ចាត់បញ្ជូនស្ត្រីនិងកូនទៅប្រទេសថៃវិញ ក្រោយរកឃើញថាលិខិតឆ្លងដែនរបស់ពួកគេហួសសុពលភាពប្រើប្រាស់ទៅហើយ។
លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមេសា នេះថា ស្ត្រីជាម្តាយ និងកូនជនជាតិថៃ ដែលចាត់បញ្ជូនចេញទៅប្រទេសកំណើតវិញនេះ ទី១-ឈ្មោះPoov Vanna Pairin អាយុ៣២ឆ្នាំ និងទី២ឈ្មោះ-Spettoli Tina អាយុ៥ឆ្នាំ។
លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បន្ថែមថា ពួកគេទាំងពីរស្នាក់នៅជាមួយប្តីឈ្មោះ SPETTOLI RETO MARC អាយុ៣៦ឆ្នាំ ជនជាតិស្វីស កាន់លិខិតឆ្លងដែនលេខ X6760782 ទិដ្ឋាការ លេខ EEX1900261955 ស្នាក់នៅផ្ទះសំណាក់ អូតូ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
បើតាមលោក សុវណ្ណ ប៊ុនធឿន ការដែលអាជ្ញាធរខេត្ត សមត្ថកិច្ចជំនាញ ព្រមទាំងមន្ត្រីទីស្នាក់ការច្រក សម្រេចចិត្តចាត់បញ្ចូនចេញពីខេត្តកោះកុង ប្រទេសកម្ពុជាទៅប្រទេសកំណើតវិញ ព្រោះតែលិខិតឆ្លងដែនពួកគេហួសសុពលភាពប្រើប្រាស់ហើយ យោងតាមច្បាប់ស្តីពីអន្តោប្រវេសន៍។
កន្លងទៅ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ធ្លាប់សហការចាត់បញ្ចូនជនអន្តោប្រវេសន៍ខុសច្បាប់២លើកមកហើយ ដោយតបតាមសំណើរបស់អាជ្ញាធររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ដោយឡែកព្រឹកមិញនេះដែរ មន្ត្រីស្នាក់ការពិនិត្យច្រកទ្វារព្រំដែនចាំយាម សហការអាជ្ញាធរខេត្ត មន្ទីរសុខាភិបាល រដ្ឋបាលស្រុកមណ្ឌលសីមា មន្ត្រីនគរបាលអន្តោប្រវេសន៍ និងមន្ត្រីគយរដ្ឋករ ផ្តើមសម្របសម្រួលធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ចំពោះអ្នកបើកបររថយន្តដឹកទំនិញ ឬអ្នករួមដំណើរមកពីប្រទេសចូលមកខេត្តកោះកុង៕
ប្រភព៖ក្រសួងព័ត៌មាន