កោះកុង៖ ក្រុមអ្នកបើកបរ និងព្រូរថយន្តដឹកជញ្ចូនទំនិញគ្រប់ប្រភេទដែលធ្វើឆ្លងដែនមកពីប្រទេសថៃ ត្រូវបានកំណត់ឱ្យធ្វើតេស្តរហ័សស្វែងរកជំងឺកូវីដ-១៩នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមេសា នេះថា គិតមកទល់ម៉ោង៥ល្ងាចនេះ មន្ត្រីជំនាញរបស់លោកបានយកសំណាកជនជាតិថៃដែលជាអ្នកបើកបរ និងអ្នករួមដំណើរចេញចូលឆ្លងដែនមកខេត្តកោះកុង ប្រទេសកម្ពុជាបានជាង២០០នាក់ហើយ។ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង អះអាងថា ជាលទ្ធផលនៃការរកជំងឺកូវីដ-១៩លើក្រុមប្រឈមទាំងនោះគឺអវិជ្ជមាន គ្រាពួកគេធ្វើដំណើរមកពីខេត្តត្រាត ឈុនបូរី រ៉ាក់យ៉ង សាមុតសាខន និងខេត្តមួយចំនួនទៀត។ ប៉ុន្តែមិនធ្វេសប្រហែសឡើយ គ្រាប្រទេសថៃ មានអត្រាឆ្លងកូវីដ-១៩ចំនួនច្រើនគួរឱ្យបារម្ភ។
លោកប្រធានមន្ទីរ បន្ថែមថា ក្រុមមនុស្សដែលធ្វើតេស្តថ្ងៃនេះ ត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់ រីឯក្រុមមនុស្សថ្មីចាំបាច់តេស្តភ្លាមៗតែម្តង ទើបអនុញ្ញាតឱ្យធ្វើដំណើរបន្តបាន។ វិធានការសុខាភិបាលទៅលើក្រុមមនុស្សដែលជាជនជាតិថៃដែលបានចេញចូលខេត្តជាញឹកញាប់ រដ្ឋបាលខេត្ត បានអនុវត្តវិធានការឈរលើគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដោយមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដក្នុងខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា ឱ្យដឹងថា ក្រុមបើកបរ និងអ្នកដំណើរមកពីប្រទេសថៃ ពួកគេតែងដឹកជញ្ចូនទំនិញក្នុងទឹកដីខេត្ត ភាគច្រើនគឺនៅផ្សារភូមិថ្មី ផែស្ងួតនាងកុក និងផែប្រមូលទិញផលនេសាទ ស្ថិតនៅឃុំប៉ាក់ខ្លង។
រីឯលោក ទូ សាវុធ អភិបាលរងខេត្តកោះកុង បានបង្ហាញថា យុទ្ធនាការសុខាភិបាលដ៏មុតស្រួចនេះ អនុវត្តន៍ចាប់ពីថ្ងៃទី២៧ មេសា តទៅ។ ក្រៅពីច្រកទ្វារព្រំដែនចាំយាម ក៏មានការធ្វើតេស្តរហ័សនៅប៉ុស្តិត្រួតពិនិត្យសុខភាពតាមបណ្តោយផ្លូវជាតិលេខ៤៨ ឃុំបឹងព្រាវ ស្រុកស្រែអំបិលផងដែរ ដើម្បីតេស្តសំណាករាល់អ្នកធ្វើដំណើរពីខេត្តផ្សេងៗចូលមកទឹកដីខេត្តកោះកុង៕
៕
ប្រភព៖ក្រសួងព័ត៌មាន