ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យប្រកាសឲ្យផ្អាកអាជីវកម្មកាស៊ីណូទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយផ្អាកចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះតទៅ លើកាស៊ីណូដែលមានអនុសារណៈជាមួយក្រសួងសុខាភិបាលជាបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ រហូតដល់មានការជូនដំណឹងជាថ្មី ។
វិធានជាបន្តបន្ទាប់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើឡើងបន្ទាប់រកឃើញវិជ្ជមានអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ ជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព។ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ក្នុងខេត្តបន្ទាយមានជ័យមានចំនួន៩១នាក់, ជនជាតិខ្មែរចំនួន២០នាក់ ស្រី១៧នាក់, ជនជាតិចិន២នាក់ជាស្រី, ជនជាតិឥណ្ឌូនេស៊ី៦៩នាក់ ស្រី១៣នាក់។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមថា អាជ្ញាធរក្រុងនិងខេត្តបានរៀបចំទីតាំងភោជនីយ៍ដ្ឋាន២កន្លែងបន្ថែមទៀត នៅក្នុងក្រុងប៉ោយប៉ែត សម្រាប់ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ផងដែរ។ លោក អភិបាលរងបញ្ជាក់បន្ថែទៀតថា បើសិនជាមានករណីអ្នកជំងឺកូវីដ១៩ណាមានស្ថានភាពធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនស្រុកមង្គល់បូរីដើម្បីព្យាបាលបន្ត៕
ប្រភព៖សៅ នៅ