ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តមអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងសហការរីបានចុះចែកគ្រឿងឧបទទួលគ្រឿងឧបភោគដល់ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងតំបន់ក្រហម ដែលជាតំបន់បិទខ្ទប់ និងមានការរីករាលដាលនៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា គ្រឿងឧបភោគ បរិភោគ ដែលយកមកចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រាលជីវភាពប្រចាំថ្ងៃដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងជួបវិបត្តិជំងឺកូវីដ១៩ រាតត្បាត។
ឯកឧត្តម អ៊ុ រាត្រី បញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ និងជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជា ខំប្រឹងការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវជូនប្រជាពលរដ្ឋ និងមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ ប្រសិនបងប្អូនជួបការលំបាក ពិតប្រាកដមែន សូមទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ឋានភូមិ ឃុំដើម្បីទទួលបាននូវគ្រឿងឧបភោគ បរិភោគ។
ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ឲ្យបានត្រឹមត្រូវ។ ក្នុងឱកាសនេះ ឯកឧត្តមក៏ធ្វើការកោតសរសើរដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ទាំងអស់ ដែលបានចូលរួមអនុវត្តតាមការណែនាំបានយ៉ាងល្អ ដោយមិនបង្កផលលំបាក ដល់អាជ្ញាធរសមត្ថកិច្ចឡើយ៕
ប្រភព៖សៅ នៅ