ខេត្តបន្ទាយមានជ័យ៖ ជិះម៉ូតូគ្នា០៣នាក់ ទៅឆ្លុះកង្កែបលុះត្រឡប់មកវិញម៉ូតូត្រូវអស់សាំង ត្រូវរថយន្តម៉ាកតូយូតាស៊ីណា រេចង្កូតបុកស្លាប់២នាក់ ម្នាក់រួចផុតពីគ្រោះថ្នាក់ កើតហេតុនៅវេលាម៉ោង៥ និង២០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅខាងលិចជញ្ចីងថ្លឹងកូនដំរី ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះទី១.ឈ្មោះ អៀង ម៉េងលី ភេទប្រុសអាយុ២៧ឆ្នាំមុខរបរ ធ្វើស្រែ (ជាអ្នកបណ្តើរម៉ូតូ) ទី២.ឈ្មោះ អាង ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ,មុខរបរ ធ្វើស្រែ (អ្នកដើរពីក្រោយជួយរុញម៉ូតូ)។ ជនរងគ្រោះទាំង០២នាក់ នៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលបានបន្ថែមថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះមានគ្នាចំនួន៣នាក់ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពុំមានផ្លាកលេខ ទៅឆ្លុះកង្កែប លុះពេលនាំគ្នាត្រឡប់មកផ្ទះវិញជិះមកដល់លើផ្លូវជាតិ ម៉ូតូអស់សាំង ក្នុងនោះមាន១នាក់ បានដើរទៅរក ទិញសាំង ហើយឲ្យ ២នាក់ទៀត ម្នាក់កាន់ចង្កូតបណ្តើរ ម្នាក់ទៀតរុញពីក្រោយ ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុត្រង់ចំណុចខាងលិចស្ថានីយ៍ថ្លឹងរថយន្តកូនដំរី ប្រហែល១៥០ម៉ែត្រ មានរថយន្តមួយគ្រឿងម៉ាកតូយូតាស៊ីណា ពណ៌ប្រផេះ  ពាក់ផ្លាកលេខ ភ្នំពេញ 2T-2327 បើកបរពីលិចទៅកើត ហើយបានរេចង្កូតទៅបុកមនុស្ស០២នាក់ កំពុងដើរបណ្តើរម៉ូតូ ប៉ើងខ្ទាតធ្លាក់ពីថ្នល់ទាំងមនុស្សនិងម៉ូតូ ។

អ្នកបើកបររថយន្តក្រោយពីបង្កហេតុបានដោះស្លាកលេខរថយន្តរត់គេចខ្លួនបាត់។ ករណីនេះសមត្ថកិច្ចសង្ស័យអ្នកបើកបររថយន្តងងុយដេក ។ សពត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវ យកមកទទួលខុសត្រូវចំពោះមុខច្បាប់ វត្ថុតាងម៉ូតូនិងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕

ប្រភព៖សៅ នៅ