ខេត្តកណ្តាល ៖ ក្រុមការងារសារព័ត៌មាន ខេម អាស៊ា ញូវ (CAM ASIA NEWS) នា ព្រឹក ថ្ងៃទី ០២ ឧសភា ២០២១ បានចុះ ចែក អំណោយ ដល់គ្រួសារក្រីក្រ ខ្វះខាត ចំចំនួ ២២០គ្រួសារ ដែល រស់នៅក្នុង ភូមិព្រែករាំង១ ភូមិក្របៅ ភូមិអាចម៍កុក ភូមិកំពង់សំណាញ់ ក្នុងសង្កាត់ កំពង់សំណាញ់ និងភូមិព្រែកសំរោង១ ភូមិព្រែកសំរោង២ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ចាប វន្នី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល និង ឯកឧត្តម លី វិចិត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសារព័ត៌មាន ខេម អាស៊ា ញូវ (CAM ASIA NEWS)។
ក្នុងឱកាសនោះ ឯកឧត្តម ចាប វន្នី បានមានប្រសាន៍ថា នៅក្នុងគ្រាដ៏លំបាកនេះ គឺត្រូវទាមទាឲ្យមានការចូលរួម ពីសំណាក់បងប្អូនទាំងអស់គ្នា កុំធ្វើដំណើរទៅណាបើគ្មានការចាំបាច់ ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះ វិលមករកស្ថានភាពធម្មតាវិញ ។
ឯកឧត្តមបានសម្តែងនូវការកោតសរសើរចំពោះក្រុមការងារសារព័ត៌មាន ខេម អេស៊ា ញូវ ដែលបានបង្កើតកម្មវិធីសប្បុរសធម៌នេះឡើង ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលកំពុងជួបនូវជីវភាពខ្វះខាត ខណៈប្រទេសជាតិយើងកំពុងរងការរាតត្បាតពីជំងឺកូវីដ១៩។ ឯកឧត្តម ក៏សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣ កុំ និងអនុវត្តន៍ឲ្យបានតាមសេចក្តីសម្រេច ស្តីពីវិធានការដែល ត្រូវអនុវត្ត ក្នុងអំឡុងពេលបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល អោយបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង ។
ក្នុងឱកាសនោះដែរ ឯកឧត្តម លី វិចិត្រ បានមានប្រសាសន៍ថា៖ អំណោយទាំងនេះជាទឹកចិត្តរបស់បងប្អូនសប្បុរសជនខ្មែរនានាទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមសហការណ៍គ្នាក្នុងសកម្មភាពមនុស្សធម៌ បើទោះបីជាបន្តិចបន្តួចក្តី ប៉ុន្តែជាទឹកចិត្តចែករំលែកដោយក្តីអាណិតស្រឡាញ់ ក្នុងនាមជាកូនខ្មែរដូចគ្នា យើងត្រូវតែជួយគ្នា ធ្វើយ៉ាងណាជួយសម្រួលដល់ជីវភាពរបស់បងប្អូនដែលកំពុងជួបការលំបាកនៅពេលនេះបានមួយរយៈសិន ខណៈប្រទេសជាតិយើងស្ថិតក្នុងបម្រាមគោចរ ការបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។ ជាចុងក្រោយឯកឧត្តមក៏សូមថ្លែងអំណរគុណដល់បងប្អូនសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ ដល់កម្មវិធីសប្បុរសធម៌នេះ ក៏ដូចជារួមគ្នាចូលរួមចំណែកជួយដល់សង្គមជាតិយើង ។
សូមបញ្ជាក់ថា ៖ អំណោយដែលចែកជូនប្រជាពលរដ្ឋ រួមមាន ៖ ទឹកត្រី ២ដប , ទឹក ស៊ី អ៊ីវ ២ដប , អង្ករ ១០គីឡូ , ត្រីខ ៤កំប៉ុង, មី ១០កញ្ចប់, ពងទា ១០គ្រាប់, ម៉ាសចំនួន ១០បន្ទះ ដោយឡែកសមត្ថកិច្ច និងប្រជាការពារភូមិ រួមមាន ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស ជែលលាងដៃ ១ដប ទឹកអាល់កុល ២ដប និងម៉ាស់ ២ប្រអប់៕