ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីបុរសម្នាក់យកសំណាកទៅពិនិត្យឃើញឆ្លងជំងឺកូវីដ-១៩ ជាអាជីវករលក់ដូរនៅផ្សារសិរីសោភ័ណ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅរសៀល ០៣ ខែឧសភា ឆ្នាំ ២០២១ គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចម្រុះ ចុះប្រមូលអាជីវករនៅក្នុងផ្សារដែលជាប់ពាក់ព័ន្ធចំនួន៥០នាក់ ពិនិត្យឃើញ០៥នាក់បន្ថែម សរុប៦នាក់ ក្នុងការធ្វើតេស្ត(Rapid Test)។

  លោក ហ៊ឹល រ៉ាយ៉ា ក៏បានបញ្ជាក់ថា៖ ជំហានដំបូងនេះ គឺអាជ្ញាធរធ្វើការប្រមូលអាជីវករ  ដែលជាប់ពាក់ព័ន្ធជាមួយអ្នកម្ដាយរបស់បុគ្គលដែលរកឃើញវិជ្ជមានកូវីដ-១៩  នៅក្នុងផ្សារសិរីសោភ័ណ  និងមិត្តភក្តិ  របស់បុគ្គល  ដែលមានវិជ្ជមាន  ដើម្បីធ្វើការយកសំណាក  ធ្វើតេស្តរហ័ស (Rapid Test) នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ  ដែលមានចំនួន៥០នាក់  (ស្រី២៣នាក់  មានកុមារ២នាក់)។ លោកបានបញ្ជាក់ថា៖ លទ្ធផលនៃការធ្វើតេសត្តរហ័ស  (Rapid Test)  លើមនុស្សទាំង៥០នាក់  រកឃើញ៥នាក់វិជ្ជមាន បន្ថែម (ស្រី៣ )  ដែលបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលវិជ្ជមានកូវីដ -១៩ ។

លោក  ហ៊ឹល  រ៉ាយ៉ា  ក៏បានអំពាវនាវដល់អ្នកដែលធ្លាប់ជាប់ពាក់ព័ន្ធ  ប្រាស្រ័យទាក់ទងដោយផ្ទាល់  និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ សូមប្រញ៉ាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩  នៅទីតាំងដែលអាជ្ញាធរបានរៀបចំនៅមន្ទីរពេទ្យបង្អែកក្រុងសិរសោភ័ណ។

សូមបញ្ជាក់ថា៖  បុរសដែលមានតេស្តវិជ្ជមានកូវិដ-១៩  ឈ្មោះ  ប៉ាន  រ៉ាស៊ី  ភេទប្រុស  អាយុ ២៧ ឆ្នាំ  រស់នៅនៅភូមិភ្នំកន្ទួត  សង្កាត់ កំពង់ស្វាយ  ក្រុងសិរីសោភ័ណ។ អាជ្ញាធរ  ក៏កំពុងប្រមូលអ្នកពាក់ព័ន្ធដើម្បីធ្វើតេស្ត  រកកូវីដ-១៩បន្តទៀត ចំពោះអ្នកតេស្តលទ្ធផលអវិជ្ជមាន  ត្រូវបានអាជ្ញាធរ យកទៅធ្វើចត្តាឡីស័កកម្រិត២ កងវ៉ា  ដើម្បីតាមដានសុខភាពបន្ត៕

ប្រភព៖សៅនៅ