ខេត្តកណ្តាល ៖ ក្រុមការងារសារព័ត៌មាន CAM ASIA NEWS នាព្រឹក ថ្ងៃទី ០៥ ឧសភា ២០២១ បាន បានពាំនាំអំណោយរបស់សប្បុរសជន ចុះចែកជូនដល់គ្រួសារក្រីក្រ ខ្វះខាតចំនួន ១០០គ្រួសារ ដែលរស់នៅក្នុង សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ឯកឧត្តម លី វិចិត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសារព័ត៌មាន CAM ASIA NEWS និង លោក នូ សុវណ្ណារ៉ា អភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក នូ សុវណ្ណារ៉ា អភិបាល អភិបាលក្រុងតាខ្មៅ បានមានប្រសាន៍ថា ស្ថិតក្នុងកាលៈទេសៈដ៏លំបាក នៃការរីករាលដាលជំងឺកូវីដ ១៩នេះ តម្រូវឲ្យតំបន់មួយចំនួនស្ថិតក្នុងតំបន់បិទខ្ទប់ និងជាតំបន់ក្រហម ដែលមិនអនុញ្ញាតិឲ្យ បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ ឬពុំអាចចេញចូលបាន ក្នុងករណីមិនចាំបាច់ ដែលជាវិធានការណ៍របស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩នេះ មិនឲ្យរីករាលដាលបន្តទៀត ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ នូវស្ថានការណ៍ដ៏លំបាកនេះ គឺត្រូវទាមទាឲ្យមានការចូលរួមទាំងអស់គ្នា និងអនុវត្តន៍ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍របស់សម្តេចតេជោ គឺ ៣ការពារ និង ៣កុំ ។ លោកក៏បានបញ្ជាក់ថា នៅថ្ងៃទី០៦ ស្អែកនេះ រាជរដ្ឋាភិបាលនឹងបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញនិងខេត្តកណ្តាល ដែលអាចអនុញ្ញាតិឲ្យបងប្អូនប្រជាពលរដ្ឋឆ្លងកាត់បានហើយ លើកលែងតែតំបន់មួយចំនួន ដែលកំពុងមានហានិភ័យខ្ពស់ អាជ្ញាធរនឹងកំណត់ក្នុងការបិទខ្ទប់តាមស្ថានភាពជាក់ស្តែង តែទោះជាយ៉ាងណាសូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែ គោរពនិងអនុវត្តន៍ទៅតាមវិធានការរបស់ក្រសួងសុខាភិបាលជានិច្ច ដោយមិនត្រូវធ្វេសប្រហែស ឬមើលងាយជំងឺកូវីដ១៩ នេះឡើយ។ ជាចុងក្រោយលោកអភិបាលក្រុង សូមថ្លែងអំណរគុណដល់ក្រុមការងារសារព័ត៌មាន CAM ASIA NEWS ដែលបានបង្កើតកម្មវិធីសប្បុរសធម៌នេះ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ដែលកំពុងជួបនូវជីវភាពខ្វះខាត ក្នុងរដូវកាលកូវីដ១៩នេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម លី វិចិត្រ បានមានប្រសាសន៍ថា៖ អំណោយទាំងនេះជាទឹកចិត្តរបស់បងប្អូនសប្បុរសជនខ្មែរយើងទាំងក្នុង និងក្រៅប្រទេស ដែលបានរួមគ្នា បន្ទាប់ពីមើលឃើញនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅតាមតំបន់បិទខ្ទប់ កំពុងជួបការលំបាក ដោយពួកគាត់ពុំអាចចេញដំណើរប្រកបរបរចិញ្ចឹមជីវិត បាន និងបងប្អូនខ្លះទៀតកំពុងជួបបញ្ហាជីវភាព ហើយសង្ឃឹមថាអំណោយទាំងនេះទោះជាតិចតួចក្តី តែអាចជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនបានមួយគ្រា បន្ទាប់ពីប្រទេសជាតិយើង នឹងបញ្ចប់ការការបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅពេលខាងមុខនេះ ក្នុងករណីស្ថានការណ៍នៃការគ្រប់គ្រងជំងឺកូវីដល្អប្រសើរឡើវិញ ។ ជាចុងក្រោយឯកឧត្តម សូមថ្លែងអំណរគុណដល់បងប្អូនសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភ ដល់កម្មវិធីសប្បុរសធម៌នេះ ក៏ដូចជារួមគ្នាចូលរួមចំណែកជួយដល់សង្គមជាតិយើង ក្នុងស្ថានការណ៍ដ៏លំបាក។
សូមបញ្ជាក់ថា ៖ អំណោយដែលចែកជូនប្រជាពលរដ្ឋ រួមមាន ៖ ទឹកត្រី ២ដប , ទឹក ស៊ី អ៊ីវ ២ដប , អង្ករ ១០គីឡូ , ត្រីខ ៤កំប៉ុង, មី ១០កញ្ចប់, ពងទា ១០គ្រាប់, ម៉ាសចំនួន ១០មាស់ ដោយឡែកសមត្ថកិច្ច និងប្រជាការពារភូមិ រួមមាន ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស ជែលលាងដៃ ១ដប ទឹកអាល់កុល ២ដប និងម៉ាស់ ២ប្រអប់។