ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ខែឧសភាឆ្នាំ២០២១នេះ បានចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាម តំបន់ក្រហមមួយចំនួននៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌឬស្សីកែវ ដោយបានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌ ក៏ដូចជា កម្លាំងមានសមត្ថកិច្ចដែលបាននិងកំពុងឈរជើងនៅតាមគោលដៅបិទខ្ទប់ក្នុងតំបន់ក្រហម ត្រូវពង្រឹងការងារឲ្យបានម៉ឺងម៉ាត់បំផុត ពិសេសមិនអនុញ្ញាតឲ្យចេញ-ចូលទៅក្នុងតំបន់ក្រហមជាដាច់ខាត ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា ក្នុងនាមអាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ចត្រូវណែនាំពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ ពីហេតុផល នៃការបិទខ្ទប់នេះ ដែលសកម្មភាពបែបនេះ របស់អាជ្ញាធរក៏ដូចជាកងកម្លាំងប្រដាប់អាវុធ មានគោលបំណងតែមួយគត់ នោះគឺរក្សាជីវិត បងប្អូនទាំងអស់គ្នា កុំឲ្យឆ្លងនូវជំងឺកូវីដ-១៩ មិនមានចេតនាណាមួយធ្វើបាបបងប្អូនទេ។
ឯកឧត្តមក៏បានណែនាំនិងបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំងអស់ ធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់មេរោគ នៅតាមតំបន់ក្រហមទាំងនេះផងដែរ ពិសេស នៅតំបន់ផ្ទះជួលរបស់កម្មករ កម្មការិនីរោងចក្រស្នាក់នៅ និងនៅតាមបណ្តារោងចក្រដែលមានបញ្ហាប្រឈមខ្លាំងនៃការរីករាល ដាលជំងឺកូវីដ-១៩ ។ បន្ថែមពីនោះទៀតចំពោះការផ្ដល់អំណោយជូនប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវតែបន្តចែកជូនទៅដល់បងប្អូន ប្រជាពលរដ្ឋ ពិសេស បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតាមតំបន់ក្រហមនេះឯង។សូមបញ្ជាក់ថា តំបន់ក្រហមនៅរាជធានី ភ្នំពេញមានខណ្ឌមួយចំនួន ដូចជា នៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក ខណ្ឌច្បារអំពៅ និង ខណ្ឌ៧មករាជាដើម៕
ប្រភព៖ក្រសួងព័ត៌មាន