ទីក្រុងបាងកករបស់ថៃ បន្តបិទខ្ទប់កន្លែងមានហានិភ័យខ្ពស់ នៃកូវីដ-១៩ រហូតដល់ពាក់កណ្តាលខែ០៥

358

(បាងកក)៖  ទីក្រុងបាងកក នៅថ្ងៃសុក្រម្សិលមិញនេះ បានពន្យាពេលវិធានការបិទខ្ទប់ (lockdown) រហូតដល់ថ្ងៃទី១៧ ខែឧសភា លើអាជីវកម្ម និងកន្លែងសាធារណៈមួយចំនួន ដែលមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។

កន្លងទៅ ទីក្រុងបាងកកបានដាក់ចេញនូវវិធានការបិទខ្ទប់ចាប់ពីថ្ងៃទី២៦ ខែមេសារ ហូតដល់ថ្ងៃទី០៩ ខែឧសភា ឬរហូតដល់ស្ថានភាព បានប្រសើរឡើងវិ ប៉ុន្តែនៅពេលដែលចំនួនអ្នកឆ្លងថ្មីៗ កំពុងតែកើនឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុង គណៈកម្មការបានសម្រេចពន្យារពេល វិធានការបិទខ្ទប់រហូតដល់ថ្ងៃទី១៧ ខែឧសភា។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះ ទីក្រុងបាងកកនៅតែជាកន្លែង មានករណីឆ្លងច្រើនជាងគេដដែល នៅក្នុងប្រទេសថៃ គឺក្នុងចំណោមករណីឆ្លងថ្មីៗជាង ២,៤០០នាក់ ដែលត្រូវបានរាយការណ៍នៅថ្ងៃនេះ ជាង ១,១០០ករណី ស្ថិតនៅទីក្រុងបាងកក ៕