សោកនាដកម្មនៅឥណ្ឌា គួរឲ្យសង្វែក! អ្នកជំងឺកូវីដ-១៩ ជាង៤ពាន់នាក់ ស្លាប់ក្នុង១ថ្ងៃ  និង ជាង ៤០ម៉ឺននាក់ ឆ្លងក្នុង១ថ្ងៃ ក្លាយជាកំណត់ត្រាថ្មី

279

(អន្តរជាតិ)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប ៤០១,០៧៨នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៤,១៨៧នាក់ បាត់បង់ជីវិត។ ចំនួនករណីស្លាប់ថ្មីៗ ដែលត្រូវបានប្រកាសចេញនេះ គឺជាតួលេខអ្នកច្រើនបំផុតក្នុងមួយថ្ងៃ ដែលឥណ្ឌាទើបជួបប្រទះ ខណៈករណីឆ្លងលើស ៤សែននាក់ក្នុងមួយថ្ងៃបែបនេះ ឥណ្ឌាបានជួបប្រទះជាលើកទី ៣ ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Times of Inida (TOI) នារសៀលថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២១,៨៩២,៦៧៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបជាង ២៣៨,២០០នាក់ និងជាសះស្បើយឡើងវិញជិត ១៨លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៧២លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល។

គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខមហន្តរាយលើវិស័យសុខាភិបាល បង្កឡើងដោយរលកទី៣ នៃ COVID-19 រដ្ឋ តាមិលណាឌូ (Tamil Nadu) របស់ឥណ្ឌាដែលមានប្រជាជនរស់នៅជាង ៧៨លាននាក់ បានប្រកាសបិទរដ្ឋទាំងមូល (lockdown) ចំពោះមុខករណីឆ្លង និងស្លាប់កើនឡើងយ៉ាងគំហុក។ ដោយឡែករដ្ឋ កាណាតាកា (Karnataka) ដែលស្ថិតនៅជាប់គ្នា និងមានប្រជាជនរស់នៅ ៧០លាននាក់ ក៏បានប្រកាសរឹតបន្តឹងការធ្វើដំណើរផងដែរ ដែលនឹងអូសបន្លាយដល់ថ្ងៃទី២៤ ខែឧសភា៕