ភ្នំពេញ៖ សុី អុិនវេសមិន (SHE Investments) បានដាក់ឲ្យប្រើប្រាស់នូវគេហទំព័ររៀនអនឡាញ សម្រាប់វគ្គមូលដ្ឋានគ្រឹះប្រព័ន្ធឌីជីថលដែលអាចឲ្យសហគ្រិនស្រ្តីទាំអស់មានឱកាសចូលរៀនក្នុងវគ្គនេះ មិនថាគាត់នៅកន្លែងណា ឬប្រកបរបរអ្វីនោះទេ។ អំឡុងពេលមានវិបត្តិកូវីដ ១៩នេះ មានអាជីវកម្មច្រើនដែលកំពុងរងផលប៉ះពាល់ ហើយការស្វែងរកទីផ្សារ និងប្រតិបត្តិអាជីវកម្មនៅក្នុង ប្រព័ន្ធឌីជីថលជាដំណោះស្រាយដ៏ល្អបំផុតដែលអាចជួយដល់ពួកគាត់បាន។
វគ្គសិក្សានេះមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ សហគ្រិនស្រ្តីទាំង ១០០ នាក់អាចបង្កើតគណនី និងចូលរៀនដោយខ្លួនឯងបាន។មេរៀនទាំងអស់គឺសុទ្ធតែបានដកស្រង់ចេញពីមេរៀនដែលអ្នកជំនាញធ្លាប់បានបង្រៀន ហើយជឿជាក់ថាមានប្រសិទ្ធិភាព និងជាគន្លឹះដែលអ្នកសិក្សាអាចយក ទៅអនុវត្តចំគោលដៅអាជីវកម្មរបស់គាត់។
មេរៀនទាំងអស់ជាភាសាខ្មែររួមមានទាំងវីដេអូពន្យល់ដោយអ្នកគ្រូទៅតាមជំនាញ និងមេរៀននីមួយៗ។ គ្រាន់តែចូលទៅកាន់ sheinvestments.thinkific.com អ្នកប្រើប្រាស់អាចចូលមើលពីវិធីនៃការចុះឈ្មោះតាមរយៈវីដេអូដែលបានដាក់ឲ្យនៅលើគេហទំព័រដំបូងជាការស្រេច។
សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ហ្វេសប៊ុកផេករបស់ SHE Investments ហើយអ្នកក៏អាចចូលស្វែងយល់ពីសិក្ខាកាមដែលបានបញ្ចប់វគ្គមូលដ្ឋានគ្រឹះប្រព័ន្ធឌីជីថលតាមរយៈ Youtube ផងដែរ។
គម្រោងនេះក៏ស្ថិតនៅក្នុងគម្រោងសាកល្បងផ្សេងៗទៀតដែល SHE កំពុងតែមាន ហើយក្រុមការងារក៏កំពុងររកមធ្យោបាយផ្សេងៗ ដើម្បីពង្រីកសមាសភាពចំណេះដឹងទៅលើសហគ្រិនភាពទៅកាន់ស្រ្តីនៅជុំវិញប្រទេស តំបន់ឆ្ងាយ ជាពិសេសទីតាំងដែលក្រុមការងាររបស់ខ្លួនផ្ទាល់មិនទាន់បានទៅដល់។
សូមបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានចាប់ផ្តើមដោយ SHE Investments បន្ទាប់ពីបានក្លាយជាដៃគូសហការណ៍ប្រចាំប្រទេសកម្ពុជា លើគម្រោងការឆ្លើយតបរហ័សដើម្បីស្តារឡើងវិញរបស់ Youth Business International ( Youth Business International’s Rapid Response Recovery Programme) ដែលបានជំនួយពី Google.org ដើម្បីជួយដល់សហគ្រិន ស្រ្តីឲ្យចាប់យកមូលដ្ឋានគ្រឹះនៃប្រព័ន្ធឌីជីថល ហើយជួយអោយពួកគាត់ងើបឡើងវិញពីវិបត្តិកូវិដ១៩។