ក្រុងរ៉ង់ហ្គូន៖ ព្រឹត្តិការរដ្ឋប្រហារយោធា នៅប្រទេសភូមា ថ្ងៃទី១កុម្ភៈ បានរុញច្រានប្រទេសនេះ ឲ្យធ្លាក់ចុះក្នុងស្ថានភាពចលាចល ព្រមទាំងអាចប្រឈមនឹងភ្លើងសង្គ្រាមស៊ីវីល ថែមទៀតផង។ គិតមកត្រឹមពេលនេះ គឺមានរយៈពេល១០០ថ្ងៃហើយ ដែលចលនាបាតុកម្មរបស់ប្រជាជនភូមា បានផុសផុលឡើង ទាមទារឲ្យក្រុមយោធា ដោះលែងលោកស្រីអ៊ុងសាន ស៊ូជី និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ១០០ថ្ងៃមកនេះ ជីវិតមនុស្សប្រមាណ៧៨០នាក់ បានស្លាប់ ដោយការបាញ់រះ បង្រ្កាបបាតុកម្ម ពីសំណាក់សមត្ថកិច្ចកងទ័ពភូមា។ ចំណែកសហគមអន្តរជាតិ នៅតែមិនអាចចូលរួម ជួយដោះស្រាយអ្វីបានដដែល គឺបានត្រឹមតែថ្កោលទោស និងអំពាវនាវឲ្យបញ្ឈប់អំពើហិង្សា។
ហេតុការណ៍រដ្ឋប្រហារយោធា ដែលក្រុមកងទ័ពភូមា បានប្លន់អំណាចពីរដ្ឋាភិបាលលោកស្រីអ៊ុងសាន ស៊ូជី បានរំលងផុតទៅ១០០ថ្ងៃហើយ។ ១០០ថ្ងៃមកនេះ បាតុកម្មរបស់ប្រជាជនភូមា ត្រូវបានកងទ័ព ប្រើកម្លាំងបង្រ្កាបយ៉ាងដំណំជាទីបំផុត។ មនុស្សយ៉ាងហោច ៧៨០នាក់ បានស្លាប់ និងជិត៤០០០នាក់ កំពុងជាប់ឃុំ។ សេដ្ឋកិច្ចភូមា កំពុងរាំងស្ទះ សឹងទាំងស្រុង ដោយសារតែ បាតុកម្ម កូដកម្ម អស្ថិរភាព និងវិបត្តិនយោបាយនេះ។
ចំណែកលោកស្រី អ៊ុងសាន ស៊ូជី ដែលស្ថិតក្នុងការឃុំឃាំង មិនត្រូវបានក្រុមកងទ័ព អនុញ្ញាតឲ្យនរណាចូលជួបទាំងអស់។ លោកស្រី ប្រហែលជាមិនបានដឹងទេ អំពីស្ថានការណ៍ពិតជាក់ស្តែង របស់ប្រទេសលោកស្រី ១០០ថ្ងៃមកនេះ។ ក្រុមកងទ័ព បានប្រើសំណាញ់តុលាការ រុំព័ទ្ធលោកស្រីកាន់តែខ្លាំង ជាមួយនឹងបទចោទប្រកាន់ជាច្រើន ដែលប្រជាជនភូមា ចាត់ទុកថាជាការប្រឌិតទាំងស្រុង។
ទោះជារងការបង្ក្រាប គំរាមសម្លុតក្តី តែប្រជាជនភូមា នៅតែបន្តធ្វើបាតុកម្ម ដង្ហែរក្បួនស្ទើរជារៀងរាល់ថ្ងៃ មិនថាតាមទីក្រុងធំៗ ឬតាមស្រុកភូមិ ដាច់ស្រយ៉ាល។ យុវជនភូមាសម័យFacebook ដែលស្រេកឃ្លានសិទ្ធិសេរីភាព ចង់បានលទ្ធិប្រជាធិបតេយ្យ ហាក់បានប្តេជ្ញាចិត្ត មិនចុះចាញ់ មិនតក់ស្លុត និងកាណុងកាំភ្លើង របស់កងទ័ពទេ។
កងទ័ពកាន់តែប្រើកម្លាំង យុវជនបាតុករកាន់តែក្លាហាន និងរៀបចំចលនារបស់ពួកគេ ដើម្បីគេចចេញពីការបង្រ្កាប។ តែទន្ទឹមនឹងនេះ មានយុវជនចិត្តខ្លាំងកាន់តែច្រើនឡើង បានបែកគំនិតប្រើអាវុធច្នៃ គ្រាប់បែកច្នៃ ដើម្បីវាយបកយ៉ាងហិង្សា ទៅលើសមត្ថកិច្ចកងទ័ពវិញ។ បន្ថែមនេះ យុវជនភូមាកាន់តែច្រើន បាននាំគ្នារត់ចូលព្រៃ ទៅសំងំលាក់ខ្លួនហ្វឹកហាត់ កាន់អាវុធ ជាមួយនឹងក្រុមកងកម្លាំងជនជាតិភាគតិត ដើម្បីត្រៀមប្រយុទ្ធនៅពេលខាងមុខ។ ក្រុមកម្លាំងការ៉េន និងក្រុមកម្លាំងកាឈីន បានប្រកាសរួចហើយថា គេនឹងកាន់អាវុធ ប្រយុទ្ធជាមួយកងទ័ពជាតិភូមា។ រងើកភ្លើងសង្គ្រាម កំពុងតែឆាបឆេះ នៅភូមា។
លោក Khin Zaw Win អ្នកវិភាគនយោបាយភូមាម្នាក់ បានលើកឡើងថា ស្ថានភាពនៅភូមា ១០០ថ្ងៃក្រោយរដ្ឋប្រហារ គឺស្ថិតនៅមាត់ជ្រោះសង្គ្រាមស៊ីវីល។ លោក Alexandre Pelletier អ្នកស្រាវជ្រាវម្នាក់ នៅសកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក បានលើកឡើងថា ពីដំបូង ក្រុមយោធាភូមា សង្ឃឹមថា រដ្ឋប្រហារថ្ងៃទី១កុម្ភៈ និងអនុញ្ញាតឲ្យគេអាចឈានទៅកាន់អំណាចបានភ្លាម ដោយក្រុមប្រជាធិបតេយ្យត្រូវបានបង្ក្រាបទាំងស្រុង។ ក៏ប៉ុន្តែ អ្វីៗមិនដូចការរំពឹងទុកនោះទេ ព្រោះថាប្រជាជនភូមា បានងើបក្រោមឈរឡើង ការពារសន្លឹកឆ្នោតរបស់ពួកគេ។ ទោះជាយ៉ាងនេះក្តីកងទ័ពភូមា មិនបានរាថយទេ។ លោកលើកឡើងថា ១០០ថ្ងៃមកនេះ អ្វីដែលយើងសង្កេតឃើញ គឺភូមាបានធ្លាក់ជ្រៅទៅៗក្នុងវិបត្តិ ទាំងនយោបាយ និងសេដ្ឋកិច្ច ។ ហើយជាពិសេសនោះ គឺការប្រឈមនឹងវិបត្តិសង្គ្រាមស៊ីវីល យ៉ាងបើកចំហរតែម្តង ដោយគ្មាននរណាអាចទប់បាន។
១០០ថ្ងៃបានកន្លងផុតទៅ សហគមន៍អន្តរជាតិ នៅតែមិនអាចធ្វើអ្វីបាន ឲ្យជាក់ស្តែង ដើម្បីជួយដោះស្រាយវិបត្តិ។ អង្គការសហប្រជាជាតិ បានត្រឹមតែចេញសេចក្តីថ្លែងការណ៍ ដែលសេចក្តីថ្លែងការណ៍នោះទៀតសោត ត្រូវបានចិន និងរុស្ស៊ី ទាមទារកុំឲ្យប្រើពាក្យធ្ងន់ៗពេក លើរបបសិកភូមា។ អង្គការក្រៅរដ្ឋាភិបាលជាង២០០ស្ថាប័ន បានទាមទារឲ្យអង្គការសហប្រជាជាតិ ត្រូវដាក់បំរាម ហាមលក់អាវុធទៅឲ្យកងទ័ពភូមា។ តែការទាមទារនេះ ត្រូវបានចិន និងរុស្ស៊ី បដិសេធ ដោយមិនឲ្យយកមក សូម្បីតែនិយាយពិភាក្សាគ្នានៅថ្ងៃទី២៤មេសា ក្រុមប្រទេសអាស៊ាន បានជួបប្រជុំជាលើកទីមួយ ដោយបានអញ្ជើញលោក ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បុរសខ្លាំងនៃរបបសិកភូមា ឲ្យមកនិយាយគ្នា ដើម្បីវែកផ្លូវដោះស្រាយវិបត្តិនេះ។ ក្រុមប្រទេសអាស៊ាន បានទាមទារ ៥ចំណុច ទៅកាន់លោកឧត្តមសេនីយ៍ភូមា ក្នុងនោះមានជាអាទិ៍ បញ្ឈប់ការប្រើអំពើហិង្សាទៅលើបាតុករ និង បើកផ្លូវឲ្យអ្នកតំណាងអាស៊ានចូលទៅភូមា ដើម្បីពិនិត្យស្ថានការណ៍ និងឈានទៅបើកផ្លូវចរចានយោបាយ។ ក៏ប៉ុន្តែ បានតែប៉ុន្មានថ្ងៃ លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានប្រកាសថា លោកនឹងមិនអនុវត្តធ្វើតាមចំណុចទាមទារទាំងនេះទេ ដរាបណាស្ថានការណ៍នៅភូមា មិនទាន់ត្រលប់មករកស្ថិរភាពវិញ។

វិបត្តិនៅតែអូសបន្លាយ ជីវភាពប្រជាជនភូមា កាន់តែលំបាក។ តើប្រទេសដ៏ក្រីក្រមួយនេះ អាចទប់ទល់ បានយូរប៉ុន្មានថ្ងៃ ប៉ុន្មានខែទៀត? យោងតាមការព្យាករណ៍ នៅឆ្នាំ២០២២ ពាក់កណ្តាលនៃប្រជាជនភូមា អាចធ្លាក់ទៅក្នុងជីវភាពក្រីក្រតោកយ៉ាក ដោយសារតែវិបត្តិសេដ្ឋកិច្ច និងនយោបាយ។ យោងតាមតួលេខរបស់ធនាគារពិភពលោក នៅឆ្នាំ២០២១ សេដ្ឋកិច្ចភូមា នឹងដើរថយក្រោយ ចំនួន១០% ខណៈដែលកាលពីឆ្នាំ២០១៩ សេដ្ឋកិច្ចប្រទេសនេះ បានមានកំណើនដល់ទៅ៧%។ នេះគឺជាការដើរថយក្រោយ ដ៏គួរឲ្យសោកស្តាយបំផុត។
ភាពចលាចលនយោបាយ និង វិបត្តិសេដ្ឋកិច្ច ហាក់មិនធ្វើឲ្យកងទ័ពភូមាខ្លាចរអាទេ។ ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ក៏ហាក់ដូចជាគ្មានប្រសិទ្ធភាពដែរ។ អ្នកដែលទទួលរងការលំបាក សម្រាប់ពេលនេះ គឺប្រជាជនភូមា៕
ប្រភព៖ RFI