ក្រោយស៊ើប​អង្កេត! ​ឃាតករគឺជា​​ប្តី​ ដែល​ដុត​ផ្ទះ​សម្លាប់​ប្រពន្ធកូនខ្លួនឯងរហូត​ដល់ ៦នាក់​ ទាំងកូនក្នុងផ្ទៃ

317

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ច​បាន​ទម្លាយ​ការ​ស៊ើប​អង្កេត​លើករណី​អគ្គិភ័យ​ដែលបាន​សម្លាប់​មួយ​គ្រួសារ​មានប្រពន្ធ និងកូន​រហូត​ដល់ ០៦ នាក់ ការពិតឃាតករ​ ជាប្តី​របស់ជន​រងគ្រោះ។ ការស៊ើបអង្កេតនេះក្រោមកិច្ចសហការរបស់អង្គភាពការពារកុមារ (CPU) ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ បានរួមគ្នាបង្កើតក្រុមការងារចម្រុះ ECHO21។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងបឋមថា៖ តាមចម្លើយសារភាពនៅមុខសមត្ថកិច្ចជំនាញ ឈ្មោះ នុន សារ៉េត អាយុ៣៨ឆ្នាំ គឺជាឃាតករ និងជាអ្នកដុតផ្ទះ​សម្លាប់​ប្រពន្ធកូនខ្លួនឯងរហូតដល់ ៦នាក់ ទាំងកូនក្នុងផ្ទៃ។ ទោះជាយ៉ាងណាជនសង្ស័យស្ថិតក្រោមការឃាត់ខ្លួន និងសួរនាំបន្ថែមរបស់សមត្ថកិច្ចជំនាញនៅឡើយ។

គួរបញ្ជាក់ថា៖ ហេតុការណ៍អគ្គិភ័យលេបត្របាក់ផ្ទះអស់មួយខ្នង រួមទាំងនាំជីវិតមនុស្ស ០៦នាក់ កើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ។ ក្មេងទាំង ៤នាក់ មានអាយុ៩ឆ្នាំ ១នាក់, កូនភ្លោះ ៧ឆ្នាំ នាក់ និង៣ឆ្នាំ ១នាក់  និងកូនក្នុងផ្ទៃម្នាក់ ព្រមទាំងម្តាយរបស់ពួកគេ បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុគួរឲ្យរន្ធត់សោកសង្រែងនេះ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីសួរនាំបន្ថែម និងបញ្ជូនសំណុំរឿងទៅតុលាការចាត់ការតាមច្បាប់៕