ខេត្តបន្ទាយមានជ័យ៖ អាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនចោរលួចម៉ាស៊ីនត្រជាក់ ២នាក់ ជាចោរសកម្មក្នុងការលួចទ្រព្យសម្បត្តិអ្នកភូមិលក់ទិញថ្នាំញៀនជក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១។
ជនសង្ស័យ១.ឈ្មោះ រី រិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ២.ឈ្មោះ យ៉ន មិថុនា ហៅម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ គ្មានទីលំនៅពិតពិតប្រាកដ ព្រមទាំងដកហូតវត្ថុតាងខាងលើបានភ្លាមៗផងដែរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ក្រោយពីមានពាក្យបណ្តឹងពីជនរងគ្រោះថា បាត់ម៉ាស៊ីនត្រជាក់២គ្រឿង និងម៉ូទ័របូមទឹក១គ្រឿង កម្លាំងកងរាជអាវុធហត្ថ ក៏ចុះស្រាវជ្រាវតាមចាប់ឃាត់មុខសញ្ញាចំនួន២នាក់ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២១ ខណៈដែលពួកគេលួចយកឧបករណ៍ទាំងនោះលាក់ទុកក្នុងកំពតព្រៃ នៅចំណុចដីស ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា ជនសង្ស័យសារភាពថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៣ទៀបភ្លឺ ខ្លួនបានយកឧបករណ៍សម្រាប់ប្រើប្រាស់ចូលទៅលួចដោះយកម៉ាស៊ីនត្រជាក់បានចំនួន០២គ្រឿង និងម៉ូទ័របូមទឹក០១គ្រឿងនៅផ្ទះរបស់ដើមបណ្ដឹងនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់.ក្រុងប៉ោយប៉ែត ពិតប្រាកដមែន ពេលលួចដោះបានអស់ហើយ ខ្លួនក៏បានទៅហៅឈ្មោះ ម៉ាប់ (យ៉ន មិថុនា) ជាបក្ខពួករបស់ខ្លួនឱ្យមកជួយជញ្ជូនអីវ៉ាន់ដែលខ្លួនលួចបានយកទៅលាក់ទុកក្នុងគុម្ពោតព្រៃនៅម្ដុំដីសដើម្បីទុកលក់នៅពេលក្រោយ ស្រាប់តែកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបានតែម្ដង៕

ប្រភព៖សៅនៅ