(កំពង់ឆ្នាំង)៖ លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផែនព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានថា បុរសជាប្តីឈ្មោះ នន់ សារ៉េត អាយុ៤១ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានចាក់សម្លាប់ប្រពន្ធ និងកន្ត្រៃចំនួន ៣កន្ត្រៃ ទើបយកភ្លើងដុតផ្ទះជាក្រោយ។
ជុំវិញករណីនៃអំពើឃាតកម្មសម្លាប់ប្រពន្ធ និងកូនចំនួន ៤នាក់ បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងភ្នក់ភ្លើងខាងលើនេះ ដើមហេតុដោយសារតែគ្រួសារខាងលើមានទំនាស់ជាញឹកញាប់ និងរ៉ាំរ៉ៃ។
នៅថ្ងៃកើតហេតុ បុរសជាប្ដីនៅលើឡៅតឿ កំពុងតែកាច់បាយសីគ្រូ ដោយមានកន្ត្រៃនៅនឹងដៃផង ចំណែកកូនច្បងអាយុ៩ឆ្នាំ ដេកមើលទូរទស្សន៍ហើយកូនអាយុ៧ឆ្នាំ ២នាក់ទៀត ដែលជាកូនភ្លោះក៏នៅលើឡៅតឿដែរ។ ពេលនោះជម្លោះរវាងប្ដីប្រពន្ធបានកើតឡើងជាថ្មីម្ដងទៀតដោយស្ត្រីជាប្រពន្ធឈ្មោះ អៀន សុខ អាយុ៣៨ឆ្នាំ បានជេរ និងដៀលទៅលើបុរសជាប្ដីដដែលៗ និងជាច្រើនដង ខណៈកំពុងតែជេរប្រពន្ធក៏បានឡើងទៅលើឡៅតឿ ជាមួយកូនតូចអាយុ២ឆ្នាំម្នាក់ទៀត។
ពេលនោះដោយខឹងនឹងប្រពន្ធខ្លាំង បុរសជាប្ដីក៏បានចាប់បោចសក់ប្រពន្ធ ផ្ងារមកក្រោយ រួចយកកន្ត្រៃចាក់ដើមទ្រូងប្រពន្ធខាងស្ដាំចំនួន ៣កន្ត្រៃ បន្ទាប់ពីប្រពន្ធដួលសន្លប់ ឬអាចថាស្លាប់ហើយ បុរសជាប្ដីបានដុតពូកនៅលើឡៅតឿ រួចចុះមកក្រោម ដុតអីវ៉ាន់នៅខាងក្រោមទៀត និងឈរមើលរហូតដល់ភ្លើងឆេះខ្លាំងក្នុងផ្ទះ អាចល្មមថា មិនមានអ្នកណារស់ ទើបបុរសជាប្ដីបើកទ្វារចេញមកខាងក្រៅរួចបិទទ្វារទៅវិញ ហើយបន្ទាប់ពីអណ្ដាតភ្លើងឆេះ សន្ធោរសន្ធៅដល់ខាងក្រៅ ទើបមានសាក្សីម្នាក់បានមកដល់ ហើយបានស្រែកហៅគេអោយជួយ ខណៈដែលបុរសជាប្ដីនៅឈរមើលធ្វើមិនដឹង ពេលនោះមានមនុស្ស៤ ទៅ៥នាក់ បាននាំគ្នាជួយពន្លត់តែមិនអាចជួយបានឡើយ។
លោក ប៉ុល វុទ្ធី បានបន្តថា ក្រោយការធ្វើកោសលវិច្ច័យ សមត្ថកិច្ចនគរបាលបានពិនិត្យឃើញថា ម្ដាយ និងកូនតូចអាយុ២ឆ្នាំ ពុំមានផ្សែងភ្លើងស្រូបចូលក្នុងផ្លូវដង្ហើមទេ។ មានន័យថា មនុស្ស២នាក់នេះ បានស្លាប់មុនពេលភ្លើងឆេះផ្ទះ។ ដោយផ្អែកលើសាក្សីវត្ថុតាងជាច្រើនដាក់បន្ទុក ជនដៃដល់មិនព្រមសារភាពនោះទេ រហូតដល់ល្ងាចថ្ងៃទី១១ ខែឧសភា ជនដៃដល់ នៅមិនព្រមសារភាពប្រាប់សមត្ថកិច្ចទៀត តែបានប្រាប់ថា សុំកុំបន្តសួរទៀតអី ចាំយប់នេះ រូបគេដុតធូបសុំគ្រូសិន ចាំថ្ងៃស្អែក គាត់នឹងប្រាប់នូវអ្វីគ្រប់យ៉ាងហើយសមត្ថកិច្ចក៏ព្រមធ្វើតាម។
លុះវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែឧសភា នេះ ទើបឃាតករូបនេះ ព្រមសារភាពដូចអ្វីដែលបានរៀបរាប់ដូចខាងលើ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង រៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ចំពោះព័ត៌មានដែលប្រជាពលរដ្ឋបានប្រាប់ថា ស្ត្រីខាងលើមានកូននៅក្នុងផ្ទៃនោះសមត្ថកិច្ចរកមិនឃើញនោះទេ៕