ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ សម្រេចបើកឲ្យប្រជាពលរដ្ឋនៅក្រៅតំបន់ក្រហម ធ្វើដំណើរចេញ-ក្រុងប៉ោយប៉ែត តែបន្តដាក់វិធានការតឹងរឹង លើជនបរទេស នៅចំណុចគោលដៅរង្វង់មូលផ្លូវ៥៨។
លោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីមានការពិភាក្សាគ្នាជាមួយឯកឧត្តមអភិបាលខេត្ត និងរូបលោកផ្ទាល់ រួមជាមួយអាជ្ញាធរក្រុង ដើម្បីអនុវត្តតាមវិធានការក៏ដូចជាតាមនិតិវិធីនៃច្បាប់របស់ក្រសួងសុខាភិបាល ម្យ៉ាងវិញទៀត ដោយសារយើងអាចគ្រប់គ្រងនូវតំបន់ក្រហមបានផងនោះ ក៏បានសម្រេចដកកងកម្លាំងចម្រុះដែលកំពុងឈរជើងនៅចំណុចរង្វង់មូលផ្លូវជាតិ៥៨ក្រុងប៉ោយប៉ែត និងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលឋិតនៅខាងក្រៅតំបន់ក្រហមងាយស្រួល ក្នុងការធ្វើចរាចរណ៍ចេញ-ចូល ក្នុងក្រុងជាធម្មតាវិញ លើកលែងតំបន់ក្រហម នៅក្នុងភូមិសាស្រ្តក្នុងក្រុងមួយចំនួនដែលត្រូវអនុវត្តវិធាការបិទខ្ទប់បន្ត។
លោកអភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា កម្លាំងនៅចំណុចរង្វង់មូលផ្លូវជាតិលេខ៥៨ នៅតែបន្តត្រួតពិនិត្យដដែល គឺពិនិត្យចំពោះតែជនបរទេសតែប៉ុណ្ណោះ។ ចំពោះក្រុមហ៊ុនវរៈប៊ុនថាំ និងផ្សារប៉ារ៉ាម៉ាសម្រេចឲ្យបើកដំណើរការវិញនោះដោយសារការធ្វើតេស្តតាម(Rapid test)លើពួកគាត់ចំនួន២ដងហើយ នៅតែអវិជ្ជមានទើបសម្រេចបើក ដោយឡែក បុគ្គលផ្ទះប្រជាពលរដ្ឋមួយចំនួនដែលបន្តបិទ ដោយអនុវត្តតាមនីតិវិធីរបស់ក្រសួងសុខាភិបាល ដោយសារតែបុគ្គលផ្ទះនោះមិនទាន់គ្រប់ថ្ងៃចត្តាឡីស័ក ទើបបន្តបិទ៕